គណបក្សខ្មែរតែមួយ គាំទ្រទាំងស្រុងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ត្រឹមត្រូវល្អបំផុតបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងនីតិកាលអាណត្តិទី៧ ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសឱ្យគ្រប់និន្នាការគណបក្សនយោបាយអាចផ្តល់ធាតុចូលនៃពហុគំនិត រិះគន់ស្ថាបនា ដើម្បីបន្តចូលរួមចំណែក ថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍនាវាកម្ពុជាឱ្យកាន់តែរុងរឿង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

គណបក្សខ្មែរតែមួយ ក៏បានប្រកាសជាផ្លូវការបន្តចូលរួមការងារជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងនីតិកាលអាណត្តិទី៧ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សខ្មែរតែមួយ សង្ឃឹមថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងការអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ឆ្នាំ២០២៣-២០២៨ បន្តកំណែទម្រង់សេវាសាធារណៈឱ្យបានល្អប្រសើរថែមទៀត សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីឆ្ពោះទៅរកភាពជោគជ័យគ្រប់ភារកិច្ច ទាំងអស់ និងជាភាតរភាព។

សូមជម្រាបថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ០២៣ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែល បានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ ការស្ថាបនាជាតិ៕

ads banner