សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណ ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ នៅក្មុងរដ្ឋសភា
(ខេត្តកំពង់ឆ្នាំង) ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ នៅក្មុងរដ្ឋសភា តាមរយៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញធ្វើបុណ្យផ្កាសាមគ្គី និងបញ្ចុះបឋមសិលាកសាងកុដ្ឋ ស្ថិតក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ភូមិទឹកជុំ ឃុំអភិវវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តថា ពិធីបុណ្យនេះអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតិឲ្យពុទ្ធសាសនិកទាំងអស់អាចប្រារព្ធពិធីបុណ្យយ៉ាងឱឡារិកទៅតាមជំនឿរៀងៗខ្លួន ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើ គណៈកម្មការវត្ត ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ្ធទាំងអស់ រួមគ្នាថែរក្សានូវសមិទ្ធផលនៅក្នុងវត្តឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីជាម្លប់ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកគ្រប់រូប ។
គួររំលឹកថា វត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ក៏ជាកន្លែង តម្កល់ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ (ជាសិស្សប្អូនលោកឪសួង) ដែលព្រះអង្គបានសុគតកាលពី ថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣៨នាទីល្ងាច ដោយជរាពាធ ក្នុងព្រះជន្ម ៩៥ ព្រះវស្សា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ កម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត៍តរៀងទៅ៕
ដោយ ៖ ថេត វិចិត្រ








