ជនស៊ីវិលក្នុងប្រទេសម៉ាលីកំពុងប្រឈមមុខនឹងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិមនុស្ស

អ.ស.ប៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា ជនស៊ីវិលស្លូតត្រង់នៅប្រទេសម៉ាលី កំពុងប្រឈមនឹងការកើនឡើងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសនេះ។

អ្នកជំនាញដែលតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មបាននិយាយក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អំពើហិង្សាលើស្ត្រី និងកុមារី ព្រមទាំងអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ នៅតែកើតមានក្នុងប្រទេសម៉ាលី។ ជុំវិញបញ្ហានេះដែរ អ្នកជំនាញបានស្តីបន្ទោសលើភាគីពាក់ព័ន្ធក្នុងជម្លោះដ៏រុំារ៉ៃនៅប្រទេសអាហ្វ្រិកខាងលិច, កងកម្លាំងប្រដាប់អាវុធម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ពួកគេ គឺទាហានស៊ីឈ្នួលរបស់ក្រុម Wagner។

សូមរម្លឹកថា របបសឹកដែលបានឡើងកាន់អំណាចនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីឆ្នាំ២០២០មក បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមិថុនាកន្លងទៅនេះ ដកកងកម្លាំងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលី (MINUSMA) ចេញពីប្រទេសរបស់ខ្លួន នៅត្រឹមដំណាច់ឆ្នាំ២០២៣។ ក្រុមប្រឹក្សាសន្តិសុខក៏បានសម្រេចចិត្តធ្វើតាមការស្នើនេះដែរ ដោយសារតែស្ថានភាពសន្តិសុខនៅម៉ាលីកាន់តែអាក្រក់ទៅៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner