រុស្ស៊ី៖ អ៊ុយក្រែនបានបាញ់មីស៊ីលឆ្ពោះទៅកាន់ទីក្រុងមូស្គូ និងប្រើដ្រូនវាយប្រហារតំបន់គ្រីមេ
មូស្គូ៖កាលពីថ្ងៃសុក្រ រុស្ស៊ីបានបញ្ជាក់ថា អ៊ុយក្រែនបានបាញ់មីស៊ីលឆ្ពោះទៅកាន់ក្រុងមូស្គូ ហើយបានវាយលុកទៅលើតំបន់គ្រីមេ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬហៅកាត់ថា ដ្រូន ចំនួន ៤២ គ្រឿង។ គិតរហូតមកទល់ពេលនេះ នេះគឺជាការវាយប្រហារតាមដែនអាកាសដ៏ធំបំផុតលើកដំបូងរបស់អ៊ុយក្រែនទៅលើតំបន់កាន់កាប់ដោយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ពួកគេបានបាញ់ស្ទាក់គ្រាប់មីស៊ីលប្រភេទ S-200 ដោយជោគជ័យនៅលើដែនអាកាសស្ថិតនៅតំបន់ទីក្រុង កាលូហ្កា (Kaluga) ដែលនៅជាប់នឹងទីក្រុងមូស្គូ។ ទីក្រុង កាលូហ្កា ស្ថិតនៅចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងម៉ូស្គូ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «មីស៊ីលនេះត្រូវបានយើងចាប់សញ្ញាបាន និងបានបាញ់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាសនៅលើទឹកដីនៃតំបន់កាលូហ្កា»។ អភិបាលក្រុងកាលូហ្កា លោក វ៉្លាឌីស្លាវ ហ្សាបហ្សា (Vladislav Shapsha) បាននិយាយថា «មិនមានអ្នករងរបួសដោយសារគ្រាប់មីស៊ីលមួយនេះនោះទេ»។
អ៊ុយក្រែនមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញការរាយការណ៍របស់រុស្ស៊ីនោះទេ។ កន្លងមក អ៊ុយក្រែនស្ទើរតែមិនដែលអះអាងទទួលខុសត្រូវជាសាធារណៈ ចំពោះការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬនៅលើទឹកដីរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីក៏បានបន្ថែមផងដែរថា តំបន់គ្រីមេដែលរុស្ស៊ីដណ្តើមបាន និងបានដាក់បញ្ចូលក្នុងទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ ក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះគ្មានមនុស្សបើកចំនួន ៩ គ្រឿងត្រូវបានបាញ់បំផ្លាញដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី ខណៈដែល ៣៣ គ្រឿងទៀត ត្រូវបានបង្ក្រាបដោយប្រព័ន្ធស្ទាក់អេឡិចត្រូនិក ហើយបានធ្លាក់នៅតំបន់គ្រីមេ ដោយមិនបានហោះទៅដល់គោលដៅរបស់ពួកគេនោះទេ។
លោក មីហេល រ៉ាវ៉ូហ្សាយ៉េវ (Mikhail Razvozhayev) អភិបាលក្រុងកំពង់ផែសេវ៉ាស្តូផូល (Sevastopol) ក្នុងតំបន់គ្រីមេ ដែលបានតែងតាំងដោយរដ្ឋភិបាលក្រុងមូស្គូ បានលើកឡើងនៅក្នុងបណ្ដាញតេឡេក្រាម (Telegram) ថា យន្តហោះគ្មានមនុស្សបើកមួយចំនួនត្រូវបានបំផ្លាញនៅជាយក្រុងសេវ៉ាស្តូផូល។
គួរដឹងដែរថា មិនមានរបាយការណ៍អំពីចំនួនអ្នកស្លាប់ និងការខូចខាតពីការវាយប្រហារនេះនៅឡើយទេ។ យ៉ាងណាក៏ដោយ អាកាសយានដ្ឋានរុស្ស៊ីនៅជិតទីក្រុងម៉ូស្គូ បានផ្អាកជើងហោះហើររយៈពេលពីរទៅបីម៉ោង។ គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារចុងក្រោយបង្អស់ រាប់ចាប់តាំងពីយន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានបំផ្លាញនៅក្បែរវិមានក្រឹមឡាំងកាលពីដើមខែឧសភា។
អ៊ុយក្រែនបានលើកឡើងថា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ី នឹងជួយរារាំងដល់ការវាយលុកទីក្រុងកៀវ (Kyiv) ដែលបានចាប់ផ្តើមកាលពីខែមិថុនា។ ប្រធានាធិបតី វ៉្លូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រាប់សន្និសីទអន្តរជាតិមួយនៅសប្តាហ៍នេះថា ទីក្រុងគៀវនឹងដណ្ដើមយកតំបន់គ្រីមេមកវិញឱ្យបាន។
ប៉ុន្តែ រុស្ស៊ីតែងតែបានបង្ហាញជំហរថា ខ្លួននឹងមិនចាកចេញពីតំបន់គ្រីមេនោះទេ ហើយតំបន់នេះផងដែរ រុស្ស៊ីក៏ធ្លាប់បានប្រើប្រាស់ជាទីតាំងសម្រាប់បាញ់មីស៊ីលចេញទៅកាន់អ៊ុយក្រែនផងដែរ។ ប៉ុន្តែកាលពីដើមសប្ដាហ៍ ក្រុមស៊ើបអង្កេតអ៊ុយក្រែនបានលើកឡើងថា ពួកគេបានជួយកងទ័ពជើងទឹកអ៊ុយក្រែនក្នុងប្រតិបត្តិការពិសេសមួយ ដែលក្នុងនោះ ពួកគេបានចុះចតនៅចុងភាគខាងលិចនៃតំបន់គ្រីមេ ហើយបានបាញ់ប្រហារជាមួយកងកម្លាំងរុស្ស៊ី បន្ទាប់មកក៏បានលើកទង់ជាតិអ៊ុយក្រែនឡើង។
បេសកកម្មនេះ មិនត្រូវបានបញ្ជាក់ដោយរុស្ស៊ីនោះទេ ប៉ុន្តែវាបានកើតឡើងក្នុងថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន។ ការណ៍នេះ ហាក់បីដូចជាបានបង្ហាញថា តំបន់នេះនឹងមិនមានស្ថិរភាពនោះទេ។
ក្នុងសប្តាហ៍នេះ ក្រុមស៊ើបអង្កេតយោធារបស់អ៊ុយក្រែនបាននិយាយថា ពួកគេមានចេតនាបញ្ឆោតអ្នកបើកយន្តហោះរុស្ស៊ីម្នាក់ឱ្យចុះចតឧទ្ធម្ភាគចក្រនៅឯអាកាសយានដ្ឋានអ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ីមិនបានឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះទេ ប៉ុន្តែប៉ុស្ដិ៍តេឡេក្រាមដែលគាំទ្ររុស្ស៊ីមួយបានលើកឡើងថា ឧទ្ធម្ភាគចក្រនោះបានបាត់បង់លំនឹង និងបានចុះចតដោយកំហុសឆ្គងបច្ចេកទេសតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters
