និយ័តករចិន បានជួបប្រជុំជាមួយអ្នកវិនិយោគបរទេសដើម្បីកាត់បន្ថយវិបត្តិសេដ្ឋកិច្ច
ប៉េកាំង៖កាលពីថ្ងៃសុក្រនិយ័តករមូលបត្ររបស់ប្រទេសចិនបានជួបប្រជុំជាមួយអ្នកតំណាងរបស់សហគ្រាសធំៗដែលគ្រប់គ្រងទ្រព្យសកម្មលោកខាងលិចកំពូលៗ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីផ្តល់ការធានាឡើងវិញទាក់ទងនឹងទស្សនៈវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ជាពិសេសនៅពេលដែលសេដ្ឋកិច្ចបានល្អប្រសើរឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន។
គណៈកម្មាធិការនិយ័តកម្ម និងមូលបត្រចិន ឬហៅកាត់ថា CSRC បានរៀបចំកិច្ចប្រជុំតាមរយៈអនឡាញជាមួយយ៉ាងតិច ៦ ស្ថាប័នហិរញ្ញវត្ថុជុំវិញពិភពលោក។ នេះបើយោងតាមប្រភពដែលមិនចង់បញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីព័ត៌មានកិច្ចនៃប្រជុំនេះនោះទេ។
យោងតាមប្រភពដដែលបានឱ្យដឹងថា លោក ហ្វាង ស៊ីងហាយ (Fang Xinghai) អនុប្រធានគណៈកម្មាធិការនិយ័តកម្ម និងមូលបត្រចិន គឺជាអ្នកដែលបានដឹកនាំរៀបចំកិច្ចប្រជុំនេះនៅទីក្រុងប៉េកាំង។
យោងតាមប្រភពមួយទៀតបានឱ្យដឹងថា នាយកប្រតិបត្តិម្នាក់មកពីក្រុមហ៊ុន Fidelity International ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ធំក្នុងចំណោមស្ថាប័នដទៃទៀត ក៏បានចូលរួមផងដែរ។
គួរបញ្ជាក់ថា គណៈកម្មាធិការនិយ័តកម្ម និងមូលបត្រចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះទេ ហើយក្រុមហ៊ុន Fidelity International ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដូចគ្នា។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងកិច្ចប្រជុំរបស់ CSRC នេះ សារព័ត៌មាន Bloomberg គឺជាស្ថាប័នដែលបានចេញផ្សាយដំបូងគេកាលពីថ្ងៃសុក្រ ។
គួរកត់សម្គាល់ថា កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលទីក្រុងប៉េកាំងកំពុងព្យាយាមពង្រឹងទំនុកចិត្តរបស់វិនិយោគិននៅក្នុងទីផ្សារចិនដែលត្រូវបានរំខានដោយវិបត្តិវិស័យអចលនទ្រព្យកាន់តែខ្លាំងឡើង បង្កឱ្យកំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
សន្ទស្សន៍ភាគហ៊ុនដ៏សំខាន់ៗរបស់ប្រទេសចិនឈ្មោះថា CSI300 បានធ្លាក់ចុះជាង ១១ភាគរយ ចាប់តាំងពីបានឡើងខ្ពស់បំផុតនៅក្នុងខែកុម្ភៈឆ្នាំនេះ។ សេដ្ឋកិច្ចបានកើនឡើងយឺតក្នុងត្រីមាសទីពីរ ដោយសារតែតម្រូវការបានធ្លាក់ចុះខ្សោយទាំងក្នុងប្រទេស និងអន្តរជាតិ។ ការណ៍នេះបណ្តាលឱ្យអ្នកវិភាគ ចាប់ផ្ដើមបន្ថយចំនួនអត្រានៃការព្យាករណ៍របស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចទាំងមូលក្នុងឆ្នាំនេះ។
ទីក្រុងប៉េកាំងបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីជំរុញទីផ្សាររបស់ពួកគេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វិធានការជំរុញទីផ្សារទាំងអស់នោះនៅមិនទាន់អាចលើកទឹកចិត្តដល់អ្នកវិនិយោគដែលចង់បានការឆ្លើយតបដោយគោលនយោបាយដែលខ្លាំងជាងមុន រួមទាំងចង់ឱ្យរដ្ឋាភិបាលចំណាយឱ្យបានច្រើនជាងនេះផងដែរ។
អាជ្ញាធរចិនគ្រោងនឹងកាត់បន្ថយពន្ធប្រថាប់ត្រាលើការជួញដូរភាគហ៊ុនរហូតដល់ ៥០ ភាគរយដើម្បីធ្វើឱ្យទីផ្សារភាគហ៊ុនដែលកំពុងជួបការលំបាកមានភាពប្រសើរឡើងវិញ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ចេញពីប្រភពនានា។
បន្ទាប់ពីកិច្ចប្រជុំជាមួយស្ថាប័នមូលនិធិសោធននិវត្តន៍ ធនាគារធំៗ និងក្រុមហ៊ុនធានារ៉ាប់រងធំៗផងដែរនោះ គណៈកម្មាធិការនិយ័តកម្ម និងមូលបត្រចិន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងលើកទឹកចិត្តអ្នកវិនិយោគក្នុងរយៈពេលមធ្យម និងរយៈពេលវែង ក្នុងនោះមានដូចជា មូលនិធិសោធននិវត្តន៍របស់រដ្ឋ និងមូលនិធិគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីបង្កើនការវិនិយោគរបស់ក្រុមហ៊ុនឯកជន៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia