ព្យុះទីហ្វុង Saola វាយប្រហារប្រទេសហ្វីលីពីន
ម៉ានីល៖ ព្យុះទីហ្វុង Saola ដែលមានកម្លាំងខ្យល់បោកបក់អតិបរមាចាប់ពី២៩៨គីឡូម៉ែត្រ រហូតដល់ ៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ បានវាយប្រហារតំបន់ឆ្នេរនៃខេត្ត Isabela។

ការិយាល័យអាកាសធាតុហ្វីលីពីន នៅថ្ងៃទី២៧ ខែសីហានេះ បានព្យាករណ៍ពីការធ្លាក់ភ្លៀង និងខ្យល់បក់បោកខ្លាំងគំរាមកំហែងដល់តំបន់កំពុងដាំដុះដំណាំស្រូវ និងពោតនៅខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះត្រូពិច Saola ដែលបានវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពល។
ការិយាល័យនេះបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា កើតមាននៅក្នុងខេត្ត Isabela, Cagayan, Ilocos និងតំបន់ភ្នំ Cordillera នៅថ្ងៃអាទិត្យនេះ និងថ្ងៃចន្ទសប្តាហ៍ក្រោយ ជាមួយនឹងហានិភ័យទឹកជំនន់ និងការរអិលបាក់ដី។ ខេត្តទាំងនេះ ស្ថិតក្នុងចំណោមខេត្តដាំដុះដំណាំស្រូវ ពោត និងបន្លែធំជាងគេរបស់ប្រទេសហ្វីលីពីន។

ស្របពេលជាមួយគ្នានេះ ការិយាល័យអាកាសធាតុហ្វីលីពីនក៏បានព្យាករណ៍ដែរថា ព្យុះទីហ្វុង Saola នឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនៅលើកោះលូហ្សូន ព្រមទាំងរដ្ឋធានីម៉ានីល ក្នុងពេលបីថ្ងៃបន្ទាប់ពី មុនពេលវាធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់ នៅល្ងាចថ្ងៃពុធ ឬដើមថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា