លោក វីដូដូ៖ ឥណ្ឌូណេស៊ីកំពុងពិចារណាចូលរួមជាមួយ BRICS

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីបាននឹងកំពុងធ្វើការពិចារណាក្លាយជាសមាជិករបស់ក្រុមប្រទេស BRICS។

BRICS គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនរួមបញ្ចូលគ្នា ដែលក្នុងនោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅទីក្រុងចូហានណេសបឺក ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា យើងចង់សិក្សាពីបញ្ហាជាមុនសិន… យើងមិនចង់ប្រញាប់ប្រញាល់ចូលរួមជាមួយក្រុមប្រទេស BRICS ទេ។

លោក វីដូដូ បន្ថែមថា ឥណ្ឌូណេស៊ីនៅពុំទាន់បានពិចារណាធ្វើដូច្នេះនៅឡើយទេ ប៉ុន្តែលោកអះអាងថា ទំនាក់ទំនងរបស់ឥណ្ឌូណេស៊ីជាមួយប្រទេសជាសមាជិក BRICS គឺមានភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ជាពិសេសផ្នែកសេដ្ឋកិច្ច។ លោក វីដូដូ បានសង្កត់ធ្ងន់ថា ក្រុមប្រទេស BRICS មានសក្តានុពលក្នុងការដឹកនាំ និងលើកកម្ពស់ការអភិវឌ្ឍន៍ដោយយុត្តិធម៍ និងការរៀបចំអភិបាលកិច្ចសកលឡើងវិញប្រកបដោយសមធម៌ជាងមុន។

ក្រុមប្រទេស BRIC បង្កើតឡើងក្នុងឆ្នាំ២០០៩ បន្ទាប់មកប្តូរឈ្មោះទៅជា BRICS នៅពេលដែលអាហ្រ្វិកខាងត្បូងបានចូលរួមជាមួយក្រុមនេះក្នុងឆ្នាំ២០១០។ BRICS មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសជាសមាជិកទៅលើបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner