ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកាត់ដេរលើកទី២ ប្រចាំឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ប្រចាំឆ្នាំ២០២៤ខាងមុខ។

ក្នុងកិច្ចពិភាក្សានេះដែរគេឃើញធ្វើឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

គួររំឭកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សានេះ ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក បានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលភាគីទាំងពីរមានចម្ងល់ផងដែរ។

ក្រោយពីការពិភាក្សា និងការសម្របសម្រួលនេះហើយ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ទៅ២២៨ដុល្លារក្នុងមួយខែ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner