បារាំង​ហាម​សិស្ស​ស្រី​មិន​ឱ្យ​​ស្លៀក​ពាក់​បែបមូស្លីមក្នុង​សាលា​រដ្ឋ

ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងអប់រំបារាំងបាននិយាយថា ៖ «ក្រសួងនឹងមិនអនុញ្ញាតឱ្យសិស្សានុសិស្សស្លៀកសំលៀកបំពាក់ប្រភេទអាបាយ៉ាស(Abayas) ដែលជាប្រភេទអាវរលុងវែងៗសម្រាប់ស្ត្រីមូស្លីមនៅក្នុងសាលារដ្ឋបារាំងទាំងអស់»។ ច្បាប់នេះ​នឹងត្រូវបានដាក់ចេញឱ្យអនុវត្តភ្លាមៗ ពោលគឺនៅពេលដែលឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ។​

ប្រទេសបារាំងបានធ្វើការហាមប្រាមយ៉ាងតឹងរ៉ឹងចំពោះការពាក់និមិត្តសញ្ញាសាសនាណាមួយ។ ជាក់ស្ដែង ការទទូរក្រមាលើក្បាលនៅសាលារដ្ឋ និងនៅបរិវេណអគាររដ្ឋាភិបាលត្រូវបានហាមឃាត់តាំងពីឆ្នាំ២០០៤ មកម៉្លេះ។ នេះ​គឺដោយ​សារតែ​ពួក​គេ​ជឿ​​ថា និមិត្ត​សញ្ញាទាំងអស់នោះជាការ​ផ្ទុយ​ទៅនឹង​ច្បាប់​អាណាចក្រ។​

រដ្ឋមន្ត្រីក្រសួងអប់រំបារាំងលោក ហ្កាប្រៀល អាតាល (Gabriel Attal) បានប្រាប់ទៅកាន់ទូរទស្សន៍ប៉ុស្ដិ៍ TF1 របស់ប្រទេសបារាំងថា «នៅពេលដែលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរអាចកំណត់អត្តសញ្ញាណថាសិស្សម្នាក់ណា កាន់សាសនាណាមួយដោយគ្រាន់តែមើលរូបខាងក្រៅរបស់ពួកគេនោះទេ»។ លោក​បានបន្ថែមថា ៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា សំលៀកបំពាក់ អាបាយ៉ាស​ មិន​អាច​ពាក់​នៅ​សាលា​បាន​ទៀត​ទេ»។​

វិធានការហាមប្រាមថ្មីនេះបានដាក់ចេញបន្ទាប់ពីមានការជជែកដេញដោលជាច្រើនខែជុំវិញការពាក់អាវអាបាយ៉ាស​នៅ​ក្នុងសាលារដ្ឋបារាំង។ សម្លៀកបំពាក់បែបនេះ ត្រូវបានពាក់កាន់តែច្រើននៅក្នុងសាលារៀន ដែលនាំឱ្យមានការបែងចែកបក្សពួក និងនិន្នាការនយោបាយ ដោយគណបក្សស្តាំនិយមបានជំរុញឱ្យមានការហាមឃាត់ ខណៈដែលគណបក្សឆ្វេងនិយមបានសម្តែងការព្រួយបារម្ភចំពោះសិទ្ធិស្ត្រី និងកុមារីមូស្លីម»។​

រដ្ឋមន្ត្រីក្រសួងអប់រំបានសង្កត់ធ្ងន់ថា ៖ «អាណាចក្រនិយមមានន័យថា សេរីភាពក្នុងការរំដោះខ្លួនចេញពីសាសនានិយមតាមរយៈសាលារៀន»។ លោកបានលើកហេតុផលថា ៖ «សម្លៀកបំពាក់អាបាយ៉ាស គឺជាអត្តសញ្ញាណ​មួយដែលរំខានដល់គុណតម្លៃអាណាចក្រនិយមនៅក្នុងសាលារៀន»។​

លោកបានរំលេចថា លោកនឹងដាក់ចេញច្បាប់នេះឱ្យបានជាក់លាក់សម្រាប់អនុវត្តនៅទូទាំងប្រទេសទាំងមូល ឱ្យបានមុនពេលសាលាបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលរដូវក្តៅ។ គួររំឭកថា កាលពីឆ្នាំ២០១០ ប្រទេសបារាំងបានចេញច្បាប់ហាមមិនឱ្យពាក់ស្បៃមុខនៅទីសាធារណៈ ដែលកាលនោះ បានធ្វើឱ្យសហគមន៍មូស្លីមចំនួន ៥ លាននាក់នៅប្រទេសបារាំងមានការខឹងសម្បារយ៉ាងខ្លាំង។​

ជាការកត់សម្គាល់ ប្រទេសបារាំងបានអនុវត្តការហាមឃាត់យ៉ាងតឹងរ៉ឹងទៅលើសញ្ញាសាសនាណាមួយនៅតាមសាលារៀន រាប់ចាប់តាំងពីសតវត្សទី១៩ មក ក្នុងនោះក៏មានទាំងនិមិត្តសញ្ញាគ្រីស្ទាន ដូចជាឈើឆ្កាងធំៗជាដើម ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលនិកាយកាតូលិកនៅក្នុងប្រព័ន្ធអប់រំសាធារណៈ។​

ប៉ុន្មានឆ្នាំកន្លងមកនេះ បារាំងបានធ្វើបច្ចុប្បន្នភាពច្បាប់ជាច្រើន ដើម្បីបត់បែនទៅតាមការផ្លាស់ប្តូរចំនួនប្រជាជនរបស់ខ្លួន ដែលឥឡូវនេះ បារាំងបានហាមឃាត់កន្សែងរុំក្បាលរបស់មូស្លីម និងមួកមួយប្រភេទរបស់ជនជាតិជ្វីហ្វ (Kippa) ប៉ុន្តែសម្លៀកបំពាក់អាបាយ៉ាសនេះ នៅមិនទាន់ត្រូវបានហាមឃាត់ទាំងស្រុងនៅឡើយទេ។​

​នៅប្រទេសបារាំង ការជជែកវែកញែកអំពីនិមិត្តសញ្ញាឥស្លាមបានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺចាប់តាំងពីជនភៀសខ្លួនជនជាតិ ឆិនឆិន (Chechen) ម្នាក់ បានកាត់ក្បាលគ្រូបង្រៀនម្នាក់ឈ្មោះថា សាមូល ផាទី (Samuel Paty) ដែលគ្រូបង្រៀនម្នាក់នេះ បានបង្ហាញរូបសិស្សរបស់ព្យាការីម៉ូហាម៉ាដ (Mohammed) ក្បែរសាលារៀននៅជាយក្រុងប៉ារីសក្នុងឆ្នាំ២០២០។​

នេះគឺជាការសម្រេចចិត្តដ៏សំខាន់លើកដំបូងរបស់លោក អាតាល ដែលមានវ័យទើបតែ ៣៤ ឆ្នាំ។ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំបារាំងកាលពីរដូវក្តៅ ក្រោមការតែងតាំងរបស់ប្រធានាធិបតីអេម៉ានូអែល ម៉ាក្រុន (Emmanuel Macron)។ ដោយឡែក ក្រុមប្រឹក្សាបារាំងនៃជំនឿអ៊ីស្លាម ឬហៅកាត់ថា CFCM បានលើកឡើងថា សម្លៀកបំពាក់តែម៉្យាងមិនអាចចាត់ទុកថាជាសញ្ញាសាសនានោះទេ៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ BBC News France to ban female students from wearing abayas in state schools

ads banner