រដ្ឋមន្ត្រីថ្មី កំណត់បេសកកម្មចម្បង ៣ និងវិធានការអាទិភាពជាគន្លឹះ ៣ចំណុច ក្នុងការដឹកនាំ ក្រសួងមុខងារសាធារណៈ
ភ្នំពញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី បានលើកឡើងថា វិស័យ មុខងារសាធារណៈ គឺជាវិស័យស្នូលដែលមិនអាចខ្វះបាន និងចាំបាច់ក្នុងការចូលរួមកសាង នូវស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកំណត់បេសកកម្មចម្បង ៣ចំណុច ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ មានដូចជា៖ (១) ការអនុវត្តចក្ខុវិស័យរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នៃ កម្ពុជា (២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង(៣) ចូលរួម ចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសារធារណៈទូទាំងរាជធានី ខេត្ត សរុបប្រមាណជាង ១០០០រូប នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាលផង និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារនាអាណត្តិកន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាពឆ្ពោះទៅមុខសម្រាប់ក្រសួងមុខងារសាធារណៈ ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈសម្រាប់អាណត្តិទី៧ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមកក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះរហូតដល់បច្ចុប្បន្ន ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញភាពជឿជាក់ក្នុងការរួមគ្នាដោះស្រាយបញ្ហានានា និងចូលរួមក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត



