ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាក់អំពីសារៈសំខាន់នៃការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣នេះ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់ ជាពិសេសប្រឈមក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ក៏ដូចជាការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៅភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ដថា ការដាក់ចេញនូវយុទ្ធសាស្ដ្រថ្មីនេះ គឺជាការបន្ដអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនាអាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព រក្សាបាននូវសុខសន្ដិភាពពេញលេញ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ជាពិសេសយកឈ្នះលើវិបត្តិកូវីដ-១៩ ផងដែរ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋ ជាពិសេសពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមជាតិ និងបម្រើប្រជាពលរដ្ឋគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្នុងនាមជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នីតិកាលទី៦ ហើយបច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំ កសាងពង្រឹង កម្លាំងនគរបាលប្រកបដោយជំនាញ វីជ្ជាជីវៈ សីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការពង្រឹងថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទូទាំងប្រទេសកម្ពុជា សំដៅបង្រួបបង្រួមជាតិ ហើយក៏ផ្ដល់ឱកាសឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមហាផ្ទៃ

ads banner