រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា គាំទ្រទស្សនៈវិស័យ និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូតំណាងឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទាំងអស់ចំនួន ១៦៤ ប្រទេស បានបង្ហាញការគាំទ្រចំពោះទស្សនៈវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា និងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការងារបោសសម្អាតមីន ផងដែរ។

លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) និងជាតំណាងឲ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទាំងអស់ចំនួន ១៦៤ ប្រទេស លើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម លី ធុជ បានឱ្យដឹងថា បេសកកម្មរបស់គណៈប្រតិភូនៃអនុសញ្ញាអូតាវ៉ា-ISU-APMBC នាពេលនេះ គឹផ្តោតសំខាន់លើដំណើរការធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំរបស់កម្ពុជា សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលមានតំណាងមកពីប្រទេសជារដ្ឋភាគីចំនួន ១៦៤ និងស្ថាប័នអន្តរជាតិជាច្រើនទៀតចូលរួម។ ក្នុងនោះរូបលោកត្រូវបានសម្រេចជ្រើសតាំងជាប្រធានតែងតាំង (Designated President)ផងដែរ។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «ក្នុងឱកាសនោះ លោក Juan Carlos Ruan បានសម្តែងនូវអំណរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ហើយលោកបានគាំទ្រចំពោះទស្សនៈវិស័យនិងការប្តេជ្ញាចិត្តខ្ពស់របស់នាយករដ្ឋមន្រ្តីថ្មីក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រមទាំងបានប្តេជ្ញាបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីន ផងដែរ»។
ក្នុងនាមឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចបាននូវកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ដោយមានការគាំទ្រពី ISU-APMBC និងសហគមន៍អឺរ៉ុបកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូមកពី ៤០ប្រទេស ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ»។
ជាមួយគ្នានេះក្នុងនាមជាប្រធានតែងតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តម លី ធុជ ក៏បាននាំនូវសាររបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា និងបានអះអាងថាកម្ពុជាបានត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ក្នុងនាមជាប្រធានដឹកនាំ និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប នាឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញាអូតាវ៉ាចាប់ពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននិងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕ ដោយ៖ នាង សុគន្ធា