រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ណែនាំនូវគោលការណ៍មួយចំនួន ដល់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ
(ភ្នំពេញ)៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំនូវគោលការណ៍មួយចំនួន ដល់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច រួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានណែនាំនូវគោលការណ៍ដឹកនាំមួយចំនួន ដល់មន្ត្រីនគរបាលជាតិ ដូចខាងក្រោម ៖

ទី១.ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឱ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។

ទី២.បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ បន្ថែមលើនេះ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដែលនៅសេសសល់ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ឈរលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៣.ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីកៀរគរ ប្រមែប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។
ទី៤.គ្រឿងញៀនខុសច្បាប់ គឺជាបញ្ហាប្រឈមដែលមានលក្ខណៈគ្រោះថ្នាក់ និងស្មុគស្មាញជាទីបំផុត ហើយនិន្នាការផលិត ចរាចរ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ និងពិភពលោក មិនមានសញ្ញាថមថយនោះឡើយ។ ក្នុងឆ្នាំ២០២២កន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជាបង្រ្កាប និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង ១៦តោន និងសារធាតុគីមីផ្សំជាង ៣៤៤តោន។ ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់វិធានការផ្សព្វផ្សាយអប់រំ វិធានការស្រាវជ្រាវបង្ក្រាប បង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក សិក្សាអំពីបទពិសោធន៍ក្នុងការបង្ក្រាបនិងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ទី៥.បន្តបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរផ្លូវគោក និងសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយភាពកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។
ទី៦.ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ ផ្តល់អន្តរាគមន៍សង្គ្រោះ និងដោះស្រាយបញ្ហាអគ្គិភ័យ ព្រមទាំងគ្រោះថ្នាក់នានាក្នុងសង្គមដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទី៧.ត្រូវបន្តជំរុញការកែទម្រង់កម្លាំងនគរបាលជាតិ ដោយយកចិត្តទុកដាក់បណ្តុះ បណ្តាលជួរនគរបាលជាតិ ឱ្យមានសមត្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ គោរពឱ្យបានខ្ជាប់ខ្ជួន វិន័យកងកម្លាំង ពង្រឹងការជ្រើសរើសបញ្ចូលក្របខ័ណ្ឌនគរបាលជាតិឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ការប្រគល់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ និងលើកសរសើ ជូនរង្វាន់ត្រូវផ្អែកលើ លក្ខណៈសម្បត្តិ ស្នាដៃ និងបទពិសោធន៍ការងារ ព្រមទាំងត្រូវអនុវត្ត វិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ៕ដោយ-រ៉ាវុធ