ឯកឧត្តម ហួត ហាក់ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងប្តូរឈ្មោះទៅជា “ក្រសួងអធិការកិច្ច”

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីថ្មីនៃក្រសួងអធិការកិច្ច បានលើកឡើងពីហេតុផល និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច” គឺដើម្បីឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសង្គមឌីជីថល ។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញជំនឿយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមជាមួយនឹងសេចក្តីសង្ឃឹមរួមគ្នាថាយើងនឹងរួបរួមគ្នាជាធ្លុងមួយដើម្បីបំពេញឱ្យបាននូវបេសកម្មចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូនក្រសួងក្នុងវិស័យអធិការកិច្ច ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានធ្វើឡើង
កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងខណះជួបសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង នៅទីស្តីការក្រសួងអធិការកិច្ច។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន ។

ឯកឧត្តមរដ្ឋមន្ត្រី បានបេ្តជ្ញាចិត្តយ៉ាងមុះមុត ក្នុងការបន្តថែរក្សាការពារសមិទ្ធផលមុនៗ និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ដូច្នេះដើម្បីសម្រេចបាននូវកិច្ចការងារដ៏ឧត្តុមឧត្តុង្គនេះ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពោលគឺថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner