ស្លាប់មនុស្ស ៩នាក់ ក្នុងហេតុការណ៍ឆេះរថភ្លើងនៅឥណ្ឌា
ញូវដែលី៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស យ៉ាងហោចណាស់ ចំនួន៩ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដែលចតនៅភាគខាងត្បូងប្រទេសឥណ្ឌាបានឆេះ នៅពេលដែលអ្នកដំណើរម្នាក់ព្យាយាមឆុងតែលើរថភ្លើង។
ថ្មីៗនេះ ទូររថភ្លើងដែលត្រូវបានផ្ដាច់ចេញពីរថភ្លើង បានឈរជើងនៅទីធ្លាផ្លូវរថភ្លើង នៅក្នុងទីក្រុង Madurai នៃរដ្ឋ Tamil Nadu ភាគខាងត្បូង ត្រូវបានភ្លើងឆាបឆេះ។
អ្នកនាំពាក្យសាលាក្រុង Madurai លោក Sali Thalapathi បានប្រាប់ AFP ថា «វាគឺជាទូររថភ្លើងប្រចាំការតែមួយគត់ ដែលត្រូវបានកក់ដោយប្រតិបត្តិករទេសចរណ៍ឯកជន។ មាននរណាម្នាក់បានព្យាយាមឆុងទឹកតែ ហើយវាបណ្តាលឱ្យមានអគ្គីភ័យ» ។
លោកបន្តថា «មនុស្ស ៩ នាក់បានស្លាប់ ក្នុងនោះ ៣នាក់ជាស្ត្រី។ មនុស្ស ៩ នាក់ផ្សេងទៀតរងរបួស ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ»។
ខ្សែវីដេអូបានបង្ហាញពីអណ្តាតភ្លើងយ៉ាងធំ ហក់ចេញពីបង្អួចទូរថភ្លើង ហើយអ្នកដំណើរខ្លះបានរត់គេចពីគ្រោះមហន្តរាយទាន់ពេល។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលនិយាយថា អ្នកដំណើរបានរត់ពន្ធដោយខុសច្បាប់ នូវធុងឧស្ម័នដែលបានផ្ទុះ នាពេលនោះ ហើយចំពេលដែលពួកគេព្យាយាមប្រើវា។
ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំបំផុតមួយរបស់ពិភពលោក ហើយបានជួបគ្រោះមហន្តរាយជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលអាក្រក់បំផុត គឺក្នុងឆ្នាំ ១៩៨១ នៅពេលដែលរថភ្លើងបានក្រឡាប់ពេលកំពុងឆ្លងកាត់ស្ពានក្នុងរដ្ឋ Bihar ហើយបានធ្លាក់ចូលទៅក្នុងទន្លេស្លាប់មនុស្ស ៨០០ នាក់។ កាលពីខែមិថុនា មានកើតហេតុរថភ្លើងបីគ្រឿងបុកគ្នា សម្លាប់មនុស្សជិត ៣០០នាក់ក្នុងរដ្ឋ Odisha៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
