ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តរក្សាជំហរគាំទ្របេក្ខភាពប្រទេសទីម័រខាងកើត នៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរបន្តគាំទ្របេក្ខភាពប្រទេសទីម័រខាងកើត នៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត ។

ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរក្សាជំហរដូច្នេះនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅវិមានសន្តិភាព ស្រពពេលដែលឯកឧត្តន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជា ក្តីមោទនភាព ចំពោះការណ៍ដែលឯកឧត្តមស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូង ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ ។ ឯកឧត្តមក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត ។

ជាកិច្ចឆ្លើយតប, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និង បានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និង សកល ដទៃទៀត ។

ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ ។ ក្នុងន័យនេះ, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណចំពោះការលើកឡើងយ៉ាងជ្រាលជ្រៅ របស់ ឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ហើយ ឯកឧត្តម ក៏សូមផ្តាំផ្ញើរសួរសុខទុក្ខចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត និង សូមអរគុណចំពោះលិខិតដ៏មានអត្ថន័យ ដែលឯកឧត្តមនាយករដ្ឋមន្រ្តី បានអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ។

ឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និង កម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភ័ក្រ្តដ៏ពិតប្រាកដបាន ។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និង ទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជន និង រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ ។ ក្នុងនាមប្រជាជន និង រដ្ឋាភិបាលទីម័រខាងកើត, ឯកឧត្តម បានគោរពអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាថ្ងៃអនាគត និង សូមធ្វើដំណើរមាតុភូមិនិវត្តប្រកបដោយសុខសុវត្ថិភាព ៕

ដោយ ៖ វណ្ណលុក ,លីមហួត ,ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner