ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ មន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី បន្តខិតខំបំពេញភារកិច្ច មាន គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់គោលការណ៍ គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ។
បន្ថែមលើនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ ៖
១.បំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
២.បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍ និងគុណតម្លៃរួម ចេះសម្របសម្រួលគ្នា ចេះជួយគ្នា និងចេះ ចែករំលែក។
៣.ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា។
៤.ចេះទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬគំនិតផ្សេងពីខ្លួន និងចេះធ្វើស្វ័យទិះទៀន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ទីស្តីការគណៈរដ្ឋមន្រ្តី កុំឱ្យភ្លេចនូវអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងដូច្នេះនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាប ជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីបរិការណ៍ទូទៅ, អាទិភាពសំខាន់ៗនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, របៀបរបបការងារក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចការកំណត់បេសកកម្មមុខងារជាអាទិភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕
ប្រភព ៖ នាយកដ្ឋានព័ត៌មាន




