ឯកឧត្ដម គង់ សោភ័ណ្ឌ ៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ ក្នុងភារកិច្ច ការពារជាតិមាតុភូមិ
ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដែលបានខិតខំប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ រួមចំណែកក្នុងភារកិច្ច ការពារជាតិមាតុភូមិ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាចំណែកមួយ ដែលមិនអាចខ្វះបាន ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងបែបនេះ ក្នុងពិធីប្រកាសសេចក្តីសម្រេចបង្កើតថ្មី២ ផ្នែកសឹករងប្រកាសតែងតាំងមុខតំណង បំពាក់ឋានន្តរសក្តិ ជូនមេបញ្ជាការមេបញ្ជាការរង និងបញ្ចូលក្របខណ្ឌពលទាហាន ផ្នែកសឹករងអរិយក្សត្រ និងផ្នែកសឹករងសំពៅពូន នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានស្នើដល់ថ្នាក់ដឹកនាំ នាយ ពលទាហាន ជាពិសេសមេបញ្ជាការ មេបញ្ជាការរង ដែលទើបតែងតាំង ត្រូវយកត្តទុកដាក់ពង្រឹងទំនាក់ទំនងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាដឹកនាំកសាងអង្គភាព ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរៀនសូត្រឱ្យដល់កងកម្លាំង ទាំងយុទ្ធវិធី បច្ចេកទេស ឋានលេខា អប់រំចិត្តសាស្ត្រ ដើម្បីបង្កើនកម្រិតយល់ដឹង សំដៅឱ្យយោធិនគ្រប់រូបមានសមត្ថភាពកាន់តែល្អប្រសើថែមទៀត។
ជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដោយអនុវត្តទៅតាមផែនការរបស់អគ្គនាយក ភស្តុភា-ហិរញ្ញវត្ថុ និងយោធភូមិភាគពិសេសបានដាក់ចុះ ដើម្បីបង្កើនប្រភពចំណូលធានាដល់ជីវភាពរស់នៅរបស់កងទ័ពឱ្យបានប្រសើរថែមមួយកម្រិតទៀត ៕
ដោយ ង៉ាន់ ទិត្យ





