នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជំរុញការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានយកឱកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
សូមរំលឹកថា យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅបោះឆ្នោតសរុបមានចំនួន ៨លាន២សែន១ម៉ឺន ៣២៦០នាក់ ស្មើនឹង៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩លាន៧សែន១ម៉ឺន ៦៥៥នាក់ ដែលជាចំនួនមួយកើនឡើង បើធៀបនឹងការបោះឆ្នោតកន្លងមក។ ការរៀបចំបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ ត្រូវបានគេដឹងថាមានអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣នាក់មកពី ៦៥ប្រទេស និងស្ថាប័នអន្តរជាតិផ្សេងៗទៀតចូលរួមផងដែរ ។
ដោយឡែកចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈច្រើនជាងគេ គឺ ១២០ អាសនៈ បន្ទាប់មកគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច ទទួលបាន ៥ អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ១២៥ក្នុងរដ្ឋសភា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ


