រដ្ឋមន្ត្រីក្រសួងអប់រំបារាំង ថា នឹងហាមមិនឲ្យស្លៀកអាវរលុងវែងរបស់ស្ត្រីមូស្លីមខ្លះៗ ក្នុងសាលារៀន
ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំង លោក Gabriel Attal បាននិយាយថា នឹងមានការហាមប្រាមសិស្សស្រី មិនឱ្យស្លៀកសម្លៀកបំពាក់ Abaya ដែលជាអាវរលុងវែងរបស់ស្ត្រីមូស្លីមមួយចំនួន នៅក្នុងសាលារៀនសាធារណៈ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Gabriel Attal បាននិយាយ នាពេលថ្មីៗនេះ ថា រ៉ូបដែលពាក់ដោយក្មេងស្រីមូស្លីមមួយចំនួន នឹងមិនត្រូវបានអនុញ្ញាតនៅក្នុងសាលារៀនទៀតទេ ជាការលើកឡើង ខណៈដែលសិស្សៗបានរៀបចំដើម្បីត្រលប់ទៅថ្នាក់រៀនរបស់ពួកគេវិញ បន្ទាប់ពីថ្ងៃឈប់សម្រាករដូវក្តៅ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហ្គាប្រ៊ីអែល អាតាល់ Gabriel Attal បានលើកឡើងថា «ខ្ញុំបានសម្រេចចិត្តថា abaya មិនអាចពាក់នៅក្នុងសាលារៀនបានទៀតទេ» ដោយលោកបានបន្តថា «នៅពេលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរកំណត់អត្តសញ្ញាណសាសនា របស់សិស្សដោយគ្រាន់តែមើលពួកគេនោះទេ»។
លោករដ្ឋមន្ត្រីអប់រំបារាំងបានបន្ថែមថា «សាលារៀនរបស់យើងកំពុងត្រូវបានសាកល្បង។ ប៉ុន្មានខែចុងក្រោយនេះ ការរំលោភលើច្បាប់ខាងលោកិយ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទាក់ទងនឹងការស្លៀកពាក់បែបសាសនាដូចជា Abaya ឬ qamis ដែលសំដៅលើអាវយឺតបុរសវែង» នេះជាអ្វីដែលលោកបានប្រាប់អ្នកយកព័ត៌មាន កាលពីចន្ទ សប្តាហ៍នេះ។
បារាំងជាប្រទេសដែលត្រូវបានគេដឹងថា ហាមឃាត់យ៉ាងតឹងរ៉ឹង នូវនិមិត្តសញ្ញាសាសនានៅក្នុងសាលារៀនសាធារណៈ ចាប់តាំងពីច្បាប់សតវត្សទី១៩ បានលុបបំបាត់ឥទ្ធិពលសាសានកាតូលិកប្រពៃណី ចេញពីការអប់រំសាធារណៈ និងបានព្យាយាមធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ជាការឆ្លើយតបទៅនឹងជនជាតិភាគតិចមូស្លីម ដែលកំពុងកើនឡើង។
ទាក់ទងនឹងការលើកឡើងរបស់រដ្ឋមន្ត្រីអប់ អំពីការផ្លាស់ប្តូរចុងក្រោយនេះបានកើតឡើង បន្ទាប់ពីមានការជជែកដេញដោលគ្នាអស់ជាច្រើនខែ ខណៈក្រុមស្តាំនិយម និងស្តាំនិយមជ្រុលបានជំរុញឲ្យមានការហាមប្រាម ខណៈអ្នកឆ្វេងនិយមប្រកែកថា វានឹងរំលោភសិទ្ធិពលរដ្ឋ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
