លោក Srettha ៖ ជួរគណៈរដ្ឋមន្ត្រីថៃបានរៀបចំបញ្ចប់ហើយ
បាងកក៖ នាយករដ្ឋមន្ត្រីថៃទើបតែងតាំង លោក Srettha Thavisin បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរៀបចំបញ្ចប់ហើយ ចំពេលមានការរំពឹងទុកថា រដ្ឋមន្ត្រីការពារជាតិថ្មីអាចជាសមាជិកស៊ីវិល មកពីគណបក្សភឿថៃ របស់លោកនាយករដ្ឋមន្ត្រី។
លោក Srettha Thavisin បានថ្លែងនៅទីស្នាក់ការគណបក្សថា ការប្រជុំរៀបចំគណៈរដ្ឋមន្ត្រី គឺបានដោះស្រាយរួចរាល់ហើយ ជាអ្វីដែលលោកបារម្ភ ខណៈដែលសមាសភាពរដ្ឋមន្ត្រីថ្មីទាំងនោះ នឹងពិនិត្យលើលក្ខណៈសម្បត្តិ មុនពេលត្រូវស្នើសុំការអនុម័ត ពីព្រះមហាក្សត្រ។
លោក នាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ «របាយការណ៍ដែលថា សមាជិកបក្សភឿថៃ និងអ្នកគាំទ្រអាវក្រហមមួយចំនួននៃគណបក្សរបស់លោក ដែលមិនចង់ឱ្យ ឧត្តមសេនីយ៍ Natthapol Nakpanich អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បច្ចុប្បន្ន ធ្វើជារដ្ឋមន្ត្រីការពារជាតិនោះទេ»។
លោក Srettha បាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវតែអាចពិភាក្សា និងសម្របសម្រួលបញ្ហាសន្តិសុខ និងបង្ហាញពីភាពជាអ្នកដឹកនាំ។
លោក Srettha ក៏បដិសេធ មិនបកស្រាយចំពោះការរំពឹងទុកថា រដ្ឋមន្ត្រីការពារជាតិថ្មីអាចជាជនស៊ីវិល។ លោកគ្រាន់តែនិយាយថា អ្នកគ្រប់គ្នានឹងមិនខកចិត្ត នៅពេលដែលមានការប្រកាសជាផ្លូវការ។
ប្រភពនានាបានបង្ហើបថា អនុប្រធានគណបក្សភឿថៃ លោក Sutin Klungsang អាចជារដ្ឋមន្ត្រីការពារជាតិថ្មី ដោយបន្តពីនាយករដ្ឋមន្ត្រីផុតអាណត្តិ និងរដ្ឋមន្ត្រីការពារជាតិលោក Prayut Chan-o-cha។
ប្រភពបាននិយាយថា លោក Sutin ត្រូវបានជ្រើសរើស នៅនាទីចុងក្រោយ ជំនួសលោកឧត្តមសេនីយ៍ Natthapol អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលលោក Prayut Chan-o-cha។
ប្រភពក៏បានឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រីថៃទើបតែងតាំង Srettha Thavisin ក៏ត្រូវបំពេញតួនាទីបន្ថែម ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត