មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យពង្រឹងកងទ័ពជើងទឹក
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នាថ្ងៃអង្គារ ទី២៩ ខែសីហាថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍកងទ័ពជើងទឹករបស់កូរ៉េខាងជើង ដោយនិយាយថា ដែនទឹករបស់ប្រទេសនេះពោរពេញដោយ “គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ” ។
មេដឹកនាំកូរ៉េខាងជើងបានរិះគន់កិច្ចសហប្រតិបត្តិការត្រីភាគី កំពុងកើនឡើង រវាងនូវអ្វីដែលលោកហៅថា “មេក្រុម” នៃសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា។

លោក គីម ជុងអ៊ុន ដែលបានទៅទស្សនាបញ្ជាការដ្ឋានកងទ័ពជើងទឹក កាលពីថ្ងៃអាទិត្យ បាននិយាយថា សម្ព័ន្ធមិត្តទាំងបី នាពេលថ្មីៗនេះ “បានបិទឲ្យគ្នាទៅវិញទៅមក” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះកិច្ចប្រជុំកំពូល Camp David ក្នុងខែសីហានេះ។
ផ្អែកតាមរបាយការណ៍ដដែល លោក គីម ជុងអ៊ុន អះអាងទីក្រុងវ៉ាស៊ីនតោនថា “មានភាពច្របូកច្របល់ជាងពេលមុន” ដោយធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា និងការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េជាអចិន្ត្រៃយ៍។
លោក គីម ជុងអ៊ុន បាននិយាយថា «ដោយសារតែចលនាប្រឈមមុខដាក់គ្នាដោយមិនប្រុងប្រយ័ត្ន របស់សហរដ្ឋអាមេរិក និងកងកម្លាំងអរិភាពដទៃទៀត ដែនទឹកនៅឧបទ្វីបកូរ៉េត្រូវបានធ្វើជាកន្លែងប្រមូលផ្តុំផ្នែករឹងសង្រ្គាមដ៏ធំបំផុតរបស់ពិភពលោក ដែលជាទឹកមិនស្ថិតស្ថេរបំផុតជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ»។

លោកបញ្ជាក់ថា ដើម្បីសម្រេចបាននូវជោគជ័យក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្លាំងទ័ពជើងទឹកបានក្លាយជាបញ្ហាបន្ទាន់បំផុត ដោយមើលឃើញពីការប៉ុនប៉ងឈ្លានពាននាពេលថ្មីៗនេះរបស់សត្រូវ។
កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធជាច្រើន ក្នុងឆ្នាំនេះ ហើយកាលពីសប្តាហ៍មុន បានអនុវត្តការប៉ុនប៉ងលើកទីពីររបស់ខ្លួនក្នុងការដាក់ផ្កាយរណបចារកម្មចូល ទៅក្នុងគន្លងវិថី ទោះបីជាវាបានបញ្ចប់ដោយការបរាជ័យក៏ដោយ។
លោក គីម បានប្រកាសថា «កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចត្រឡប់វិញបាន» ហើយលោកបានអំពាវនាវឱ្យបង្កើនការផលិតអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត