ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលថ្មី ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

នេះបើតាមខ្លឹមសារជំនួបរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណ:ប្រតិភូ មន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក នាល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ។

ក្នុងជមនួបនេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-អាមេរិក។ ឯកឧត្តម នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះ បានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក អាឡិច ខានស៍ បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ លោកបានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក។ កម្ពុជា ពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ លោក អាឡិច ខានស៍ និង គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក ទទួលបានជោគជ័យផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរដល់ការធ្វើមាតុភូមិនិវត្តន៍ទៅកាន់សហរដ្ឋអាមេរិកវិញ ប្រកបដោយសុវត្ថិភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner