រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់ចេញគោលនយោបាយថ្មីចំនួនពីរ ដើម្បីថែរក្សាស្ថិរភាព-សន្ដិភាព និងបង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់ចេញគោលនយោបាយថ្មីចំនួនពីរ ដើម្បីថែរក្សាស្ថិរភាព-សន្ដិភាព និងបង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយថ្មីសម្រាប់អាណត្តិទី៧នេះ គឺ ៖ ទី១-ថែរក្សាស្ថិរភាពនយោបាយ និងសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលថ្នាក់ដឹកនាំអាណត្តិចាស់បានខិតខំកសាង និងបង្កើតឡើងជាង ៤០ឆ្នាំមកនេះ ។ ទី២-បង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ មានដូចជា គោលនយោបាយគន្លឹះទាំង៦ និងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ។

សូមរំលឹកថា មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ ដែលត្រូវអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣ រួមមាន៖

១.ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។

២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។

៤.ការដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខនា់ៗ ក្នុងកម្រិតសមរម្យ ។

៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner