កូនឈើជាង៨ពាន់ដើម ត្រូវបានដាំនៅវិទ្យាល័យទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កូនឈើជាង៨៣០០ដើម រួមមាន៖ កូនឈើបេង ធ្នង់ គ្រញូង និងដើមក្រដាស ត្រូវបានដាំនៅវិទ្យាល័យទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ក្នុងទិវាដាំកូនឈើដែលរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហគមន៍ជនបទ និងបរិស្ថាន (អា.សេ.ដូ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបាត់បង់ព្រៃឈើពិតជានាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងដល់ភពផែនដី ដូចជា មានការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ បាត់បង់ជីវចម្រុះ បាត់បង់សត្វព្រៃ និងគ្រោះទឹកជំនន់ជាដើម។ ដោយមើលឃើញពីគុណប្រយោជន៍នៃព្រៃឈើ រាជរដ្ឋាភិបាលតាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ក្រសួងបរិស្ថាន បានបង្កើតឡើងនូវច្បាប់ស្តីពីការការពារព្រៃឈើ និងបង្កើតនូវតំបន់ការពារទេសភាព តំបន់ការពារធនធានធម្មជាតិ តំបន់អភិរក្សសត្វព្រៃ តំបន់ការពារព្រៃលិចទឹកជាដើម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សាបរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្សសត្វ និងកាត់បន្ថយគ្រោះធម្មជាតិនានា ជាពិសេសដើម្បីជំនួសមកវិញនូវព្រៃឈើដែលបាត់បង់។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាចូលរួមដាំដើមឈើឡើងវិញ នៅលើដីចម្ការ តាមព្រំដី តាមភ្លឺស្រែ ជាពិសេសនៅលើដីចម្ការដែលខ្សោះជីជាតិ មិនអាចធ្វើកសិកម្មបាន ដើម្បីធ្វើឲ្យបរិស្ថានមានភាពប្រសើរឡើងវិញ ក៏ដូចជាកាត់បន្ថយគ្រោះធម្មជាតិគ្រប់បែបយ៉ាង ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ។
បន្ទាប់ពីបញ្ចប់កម្មវិធីទិវាដាំកូនឈើ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អមដំណើរដោយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងសហការី រួមនឹងក្រុមការងារអនុសាខាកាកបាទក្រហមស្រុក បាននាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារលោកស្រី ឡែម មុជ ដែលកូនប្រុសឈ្មោះ ចំរើន រ៉ានី អាយុ១០ឆ្នាំ បានស្លាប់ដោយសារលង់ទឹក នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យផងដែរ៕ធ.ដ
ដោយ៖ ឃិន គន្ធា