នៅភ្នំពេញ មានរោងចក្រ សហគ្រាស សរុបចំនួនជាង ៩ ៣០០និង មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់

(ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសសរុប ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។នេះបើតាមការបញ្ចេញឱ្យដឹងពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គួរបញ្ជាក់ថាការលើកឡើងឱ្យដឹងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មី បែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលពីសំណាក់ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជាមួយកម្មករ កម្មការិនីជាង១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា៖ក្នុងចំណោមរោងចក្រសហគ្រាសនេះបើគេគិតតែចំនួនរោងចក្រ សហគ្រាស វិស័យកាត់ដេរវិញ មានចំនួនសរុប ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារបានថ្លែងបញ្ជាក់ប្រាប់ដែរថា”ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតមានភាពប្រសើរឡើងជាបន្តបន្ទាប់ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣”។

គួរបញ្ជាក់ដែរថាក្នុងពិធីសំណេះសំណាលនេះដែរមានកម្មករនិយោជិត សរុបមានចំនួន ១៨ ០១៣នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះលើសពី ៣ខែ មានចំនួន ៨៤៤នាក់ ។

សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល និងវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក ដែលបណ្តាលមកពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាក្នុងពិធីនេះដែរបានណែនាំឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ និងបានណែនាំក្រសួងឱ្យយកចិត្តទុកដាក់ក្នុងការសម្របសម្រួលការពិភាក្សាឱ្យរលូននិងបានល្អ ជាពិសេសឱ្យបានចេញជាលទ្ធផលនៅមុនពេលបុណ្យភ្ជុំបិណ្ឌខាងមុខ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner