អាជ្ញាធរមីនអំពាវនាវឱ្យម្ចាស់អាជីវកម្មដែលវិនិយោគលើតំបន់សង្ស័យថាមានមីន សូមរាយការណ៍មកអាជ្ញាធរមីនមុនចាប់ផ្ដើមគម្រោង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរមីនអំពាវនាវឱ្យម្ចាស់អាជីវកម្មដែលវិនិយោគលើតំបន់ ដែលគិតថាសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សូមរាយការណ៍មកអាជ្ញាធរមីន ឬមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា( CMAC) ដើម្បីធ្វើការត្រួតពិនិត្យ និងបោសសម្អាត មុននឹងចាប់ ផ្ដើមគម្រោងវិនិយោគរបស់ខ្លួន។

ការអំពាវនាវបែបនេះឡើងបន្ទាប់ពីមានករណីម្ចាស់រីស៊តមួយកន្លែង ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ម្ចាស់រីស៊តមួយកន្លែងនេះ បានសង្ស័យថា នៅក្នុងតំបន់រីស៊តរបស់ខ្លួន កំពុងរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម។ នេះបើយោងទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមទេស រដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រភពដដែលបានឱ្យដឹងទៀត បន្ទាប់ពីសង្ស័យបែបនេះហើយ ម្ចាស់ រីស៊តមួយនេះ ក៏បានស្នើសុំឱ្យអង្គភាព ស៊ីម៉ាក់ ធ្វើការឆែកពិនិត្យ និងបោសសម្អាត ហើយបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ធមិនទាន់ ផ្ទុះជាច្រើនគ្រាប់ផងដែរ។
ឯកឧត្តម លី ធុជ បានថ្លែងថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ អំពាវនាវឱ្យម្ចាស់អាជីវកម្ម ឬវិស័យឯកជនទាំងអស់ ដែលមានផែនការ វិនិយោគនៅលើតំបន់គិតថាសង្ស័យមានមីន និងយុទ្ធភណ្ធមិនទាន់ផ្ទុះ ដទៃទៀត ត្រូវធ្វើការទំនាក់ទំនងមកអាជ្ញាធរមីន ឬប្រតិបត្តិករដោះមីន ណា ដែលទទួលបានអាជ្ញាប័ណ្ណបោសសម្អាតពីអាជ្ញាធរមីន ដើម្បីរំដោះផ្ទៃដីទាំងនោះឱ្យមានសុវត្ថិភាព។ បោសសម្អាតជាមុន មុននឹងចាប់ផ្ដើមគម្រោងវិនិយោគរបស់ខ្លួន»។


យោងតាមរបាយការណ៍អាជ្ញាធរមីន រយៈពេលប្រាំពីរខែ ចាប់តាំង ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ តួលេខជនរងគ្រោះដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួនសរុប ២២នាក់ ខណៈ ដែលតួលេខនេះអាជ្ញាធរមីនបានវាយតម្លៃថាថយចុះប្រមាណ ៤៥ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុប ៤០នាក់។ អាជ្ញាធរមីន បានឱ្យដឹងទៀតថា ជនរងគ្រោះសរុបចំនួន ២២នាក់នេះ ក្នុងនោះមានជនរងគ្រោះ ដោយសារមីនចំនួន ៩នាក់ និងជនរងគ្រោះដោយសារសំណល់ ជាតិ ផ្ទុះពីសង្រ្គាមចំនួន ១៣នាក់។
អាជ្ញាធរមីន បញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២២នាក់ នេះ ក្នុងនោះមានជនរងគ្រោះជាបុរសចំនួន ១៧នាក់ និងជាកុមារា ចំនួន បួននាក់ និងស្ត្រីមួយនាក់ ដែលមានអ្នកស្លាប់បីនាក់ អ្នករងរបួស ចំនួន ១២នាក់ និងអ្នករងគ្រោះក្លាយជាជនពិការអវៈយវៈចំនួន ប្រាំពីរនាក់៕


ដោយ៖ ជា សុខនី

ads banner