​កូរ៉េ​​ខាង​ជើង​ធ្វើ​សម​យុទ្ធក្លែង​វាយ​ប្រហារ​​នុយក្លេអ៊ែរ​​​ជា​​យុទ្ធសាស្ត្រ​​ ដើម្បី​​​ប្រឆាំង​​នឹង​​សម​យុទ្ធ​រវាង​​អាមេរិក​​ និង​​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​

ព្យុងយ៉ាង៖ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​​ ថា​ កូរ៉េខាង​ជើង​បាន​ធ្វើ​សមយុទ្ធ​ក្លែង​វាយ​ប្រហារ​នុយក្លេអ៊ែរ​ ដោយ​កំណត់​គោលដៅ​នានា​ទូទាំង​ប្រទេស​កូរ៉េខាង​ត្បូង​ ដើម្បី​ជា​ប្រតិកម្ម​តប​ទៅ​នឹង​សម​យុទ្ធ​រវាង​សហរដ្ឋ​អាមេរិក​ និង​​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​។

​អគ្គសេនាធិការ​នៃ​កង​ទ័ព​ប្រជាជន​កូរ៉េ​ខាង​ជើង​ (KPA) ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ ដែល​ KCNA រាយការណ៍​ថា​ ​អង្គភាព​មីស៊ីល​កូរ៉េខាង​ជើង​​បាន​បាញ់​មីស៊ីល​ផ្លោង​ចំនួន​​២​គ្រាប់​ និង​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​នូវ​ «​បេសកកម្ម​វាយ​ប្រហារ​នុយក្លេអ៊ែរ​»​ របស់​ខ្លួន​។​

KPA និយាយ​យ៉ាង​ដូច្នេះថា​៖ «​​KPA ​បាន​ធ្វើ​សម​យុទ្ធក្លែង​​វាយ​ប្រហារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​​​ «បំបោស​​ដែន​ដី​» ​នៅ​មជ្ឈ​មណ្ឌល​បញ្ជា​ការ​សំខាន់​ៗ​ និង​វាល​រត់​យន្តហោះ​សម្រាប់​​ប្រតិបត្តិការ​របស់​ក្រុម​​​​យោធា​សាធារណ​រដ្ឋ​កូរ៉េ​(កូរ៉េខាង​ត្បូង​)​​ ​កា​ល​ពី​យ​ប់​ថ្ងៃ​ពុធ​»​។ ដោយប្រើប្រាស់ឈ្មោះដំបូងរបស់កូរ៉េខាងត្បូងថា សាធារណរដ្ឋកូរ៉េ។  

បើ​តាម​យោធា​កូរ៉េ​ខាង​ត្បូង​ ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​​២​គ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃ​ពុធ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-1B ​សម្រាប់​សម​យុទ្ធ​ដែន​អាកាស​ជាមួយ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ ដាច់​ដោយ​ឡែក​ផ្សេង​គ្នា​។ ​

​សមយុទ្ធ​របស់​កូរ៉េខាង​ជើង​​ចុង​ក្រោយ​ ធ្វើ​​ឡើង​មួយ​ថ្ងៃ​មុន​ពេល​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​ បិទ​បញ្ចប់​សម​យុទ្ធ​យោធា​រួម​គ្នា​រយៈ​ពេល​ ១១​ ថ្ងៃ ​ដែល​ទីក្រុង​ព្យុងយ៉ាង​​បាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ពេល​កន្លង​មក​ថា​ ជា​សកម្មភាព​ហាត់​សម​ធ្វើ​សង្គ្រាម​។ ​

ជាមួយ​គ្នា​នោះ​ផង​ដែរ​ KCNA ​បាន​រាយការណ៍​ថា​ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក ​គីម ​ជុងអ៊ុន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​សង្កេត​​មើល​ផ្នែក​​ខ្លះ​​នៃ​សម​យុទ្ធ​មួយ​ ដែល​ចូល​រួម​ដោយ​​​មន្ត្រី​បញ្ជាការ ​និង​​​​កង​កម្លាំង​​​នៃ​កង​ទ័ព​ទាំង​មូល​ ក្នុង​គោល​បំណង​រៀប​ចំ​ខ្លួន​​សម្រាប់​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ត្បូង​។​​ ​សម​យុទ្ធ​នោះ​ បាន​ក្លែង​ធ្វើ​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​ភ្លាម​ៗ​ បន្ទាប់​មក​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​តប​ត​ ដើម្បី​កាន់​កាប់​ទឹក​ដី​កូរ៉េខាង​​​​​ត្បូង​​៕​

ប្រែសម្រួលដោយ៖ ហួន ឌីណា 

ប្រភព​៖ North Korea stages tactical nuclear strike drill to protest allied exercises

ads banner