ស្ថានទូតកម្ពុជាប្រចាំជប៉ុនអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅជប៉ុនត្រូវគោរពច្បាប់ចៀសវាងប្រព្រឹត្តអំពើខុសច្បាប់នានា
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់កម្មសិក្សាការី ពលករជំនាញខ្មែរ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការនិងអភិវឌ្ឍន៍សមត្ថភាពជំនាញ ពិសេសកុំជឿតាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានតាមរយៈអង្គភាពប៉ូលិសជប៉ុន និងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណីប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួនមានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបញ្ជាក់ថា ៖ «ចំពោះករណីទាំងនេះ ស្ថានទូតសូមលើកទឹកចិត្តដល់បងប្អូន ធ្វើការពិចារណាឱ្យបានហ្មត់ចត់មុននឹងចូលរួម ឬប្រព្រឹត្តិនូវអំពើខុសច្បាប់ដែលនាំមកនូវការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាសការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ»។
ប្រភពដដែលបានបន្តថា ក្នុងការបំពេញតួនាទី និងភារកិច្ចពេញលេញរបស់ខ្លួន ស្ថានទូតតែងផ្តល់សេវាគាំពារ និងទ្រទ្រង់ដល់ផលប្រយោជន៍ការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ កម្មសិក្សាការី និងពលករជំនាញទាំងអស់នៅប្រទេសជប៉ុន ដោយមិនមានការរើសអើង ឬបែងចែកជាក្រុមបក្ខពួកឡើយ ប៉ុន្តែស្ថានទូតមិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។
នៅក្នុងដំណើរការដោះស្រាយបញ្ហាការងារ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ស្ថានទូតកម្ពុជាស្នើសុំពលរដ្ឋខ្មែរសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពី «សៀវភៅសម្រាប់កម្មសិក្សាការី ហ្វឹកហ្វឺនជំនាញ» រៀបចំដោយអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ដែលបានសង្ខេបលំអិតពីសិទ្ធិ កាតព្វកិច្ច បែបបទការងារ នីតិវិធីដោះស្រាយការងារ អាសយដ្ឋាន និងព័ត៌មានទំនាក់ ទំនង ក្នុងករណីដែលមានបញ្ហាការងារ ឬការរស់នៅជាយថាហេតុ។
សេចក្តីជូនដំណឹងរបស់ស្ថានទូត បានណែនាំថា ចំពោះកម្មសិក្សាការី និងពលករ ជំនាញខ្មែរ ដែលមានបញ្ហាការងារ អ្នកទាំងនោះ អាចធ្វើការប្រឹក្សាយោបល់ និងស្នើសុំអន្តរាគមន៍ពីសំណាក់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈ Facebook Page : Royal Embassy of Cambodia in Japan។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានប្រាប់ឱ្យដឹងថា ក្នុងករណីពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនបានប្រព្រឹត្តអំពើខុសច្បាប់នេះ ចង់ឬមិនចង់ធ្វើឱ្យប៉ះពាល់ដល់ពលករ ឬកម្មសិក្សាការីផ្សេងទៀតដែលរស់នៅដោយស្របច្បាប់។
លោកបានបន្តថា ៖ «ពលករយើងមិនគួរប្រព្រឹត្តខុសច្បាប់ទេ ធម្មតានៅប្រទេសណាដូចប្រទេសណាដែរត្រូវតែគោរពច្បាប់ ជាពិសេសប្រទេសជប៉ុនជាប្រទេសមានច្បាប់និងនីតិរដ្ឋ។ អ៊ីចឹងមិនថាពលករ ពលរដ្ឋសាមញ្ញ ឬមន្រ្តីគឺត្រូវតែគោរព។ ការប្រព្រឹត្តខុសច្បាប់ទាំងនោះប៉ះពាល់ដល់ប្រទេសក៏ថាបាន ប៉ុន្តែបើម្នាក់ឬពីរនាក់យើងថាឱ្យខ្មែរទាំងអស់មិនកើតទេ ព្រោះក្នុងចំណោមពលករទៅជប៉ុនមានច្រើន អ្នកល្អក៏មានច្រើនដែរ»៕

ដោយ៖សុខ រក្សា