គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ គ្រោងរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញនៅខេត្តកណ្តាល
ភ្នំពេញ៖ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា នាពេលឆាប់ខាងមុខនេះ ក្រុមការងារពាក់ព័ន្ធគ្រោងនឹងរៀបចំវេទិកាផ្គូផ្គងអ្នកផលិត និងអ្នកទិញ នៅក្នុងខេត្តកណ្តាល ដើម្បីស្វែងរកដៃគូអាជីវកម្ម និងកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្មរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា វេទិកាផ្គូផ្គងអ្នកផលិតនិងអ្នកទិញ ដែលគ្រោងនឹងរៀបចំធ្វើនៅខេត្តកណ្តាលនាពេលខាងមុខនឹងមានចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ។ វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ៖«វេទិកានេះ គឺការកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុកលើការកសាង បណ្តាញទីផ្សារ ដើម្បីអោយប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់សំដៅធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេសជាដើម»។
ឆ្លៀតឱកាសនោះ លោកអភិបាលរងខេត្តកណ្ដាល ក៏បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវធ្វើការសិក្សា និងទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនានាឱ្យបានល្អ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណ:ជនឱ្យគាត់បានដឹងអំពីផលិតផល ក៏ដូចជាសមិទ្ធផលក្នុងខេត្តកណ្ដាលផងដែរ។
ទាក់ទិនរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ នៅថ្ងៃទី៣១ ខែសីហា បានថ្លែងគាំទ្រឱ្យមានរៀបចំវេទិការផ្គូផ្គងរវាង អ្នកផលិត អ្នកលក់ និងអ្នកទិញនេះឡើង ដើម្បីពង្រីកសក្តានុពល បើកច្រកទីផ្សារឱ្យផលិតផលខ្មែរឱ្យកាន់តែធំ ខណៈការធ្វើបែបនេះក៏អាចជួយទាក់ទាញទេសចរទៅកាន់សហគមន៍ដែលបានផលិតផលិតផលផ្ទាល់ផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចខាងលើ បានបន្តថា៖«ខ្ញុំជឿថានេះ អាចជាឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រ និងទិញផលិតផលរបស់កម្ពុជា ហើយបើកិច្ចការនេះបង្កើតឡើងជោគជ័យ វាក៏ឈានទៅរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចគ្រួសារពលរដ្ឋអ្នកផលិតផ្ទាល់។ ពិសេសជំរុញការអភិវឌ្ឍ និងកែច្នៃផលិតផលកម្ពុជាឱ្យកាន់តែមានគុណភាព សោភ័ណភាព ដែលទទួលស្គាល់ស្តង់ដាអន្តរជាតិខ្លាំងបន្ថែមទៀត»។
លោក ហុង វណ្ណៈ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធ បង្កើតវេទិការបែបនេះ ឱ្យបានច្រើនបន្ថែមទៀត ខណៈលោកក៏ស្នើឱ្យភាគីពាក់ព័ន្ធខិតខំរិះរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីនាំចេញផលិតផលកម្ពុជាឱ្យកាន់តែទូលាយជាងនេះ។
តាមរយៈកិច្ចប្រជុំខាងលើគណៈកម្មាការជំរុញចលនាភូមិ១ ផលិតផល១ ក៏បានបង្ហាញក្តីរំពឹងទុកថា វេទិកា ផ្គូផ្គងរវាងអ្នកផលិតខ្មែរ និងអ្នកទិញ នឹងជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញនៅនឹងកន្លែង ហើយនិងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ។ លើសពីនេះ ក៏នឹងជួយឱ្យអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភ័ណភាព គុណភាព បរិមាណ ស្តង់ដារ អនាម័យ ជាពិសេសពីតម្លៃផលិតផលកាន់តែច្បាស់ថែមទៀត៕

ដោយ៖ បូរ ពេជ្យហ្សាលីន