សមិទ្ធផលថ្មី នៃមណ្ឌលសុខភាពពោធិចំរើន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើសេវាសុខាភិបាលជូនពលរដ្ឋឱ្យកាន់តែប្រសើរ

(កំពង់ស្ពឺ)៖ អគាររង់ចាំ និងទទួលភ្ញៀវ នៃមណ្ឌលសុខភាពពោធិចំរើន ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោម នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ ដែលមណ្ឌលសុខភាពនេះស្ថិតនៅឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ហេង សុខគង់ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិការក្រុមការងារចុះមូលដ្ឋាន តំណាងមន្ទីរសុខាភិបាល ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំងបីអង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ឲ្យបានឈ្នះភ្លូកទឹកភ្លូកដីក្នុងស្រុកបសេដ្ឋទាំងមូល ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់លោក ប្រាក់ សុផល ឯកឧត្តមប្រាក់ សុណ្ណារ៉ា និងលោកវេជ្ជបណ្ឌិត ប្រាក់ សុណ្ណារិទ្ធ ដែលបានបរិច្ចាគថវិកាយ៉ាងច្រើនក្នុងការសាងសង់អគារមណ្ឌលសុខភាព មានបីបន្ទប់ គឺបន្ទប់រង់ចាំ បន្ទប់សម្ភព និងបន្ទប់ប្រចាំការសម្រាប់បុគ្គលិក ព្រមទាំងបានជួសជុលបន្ទប់ព្យាបាលជំងឺរបេង លើសពីនេះទៅទៀតគឺបានបំពាក់ឧបករណ៍ សម្ភារបរិក្ខាក្នុងមណ្ឌលសុខភាពដែលខ្វះខាត និងបានដាក់អំពូលសឡាជាច្រើនដើមនៅតាមវត្តអារាម សាលាឃុំ ស្នាក់ការគណបក្ស សាលារៀន ប៉ុស្តិ៍រដ្ឋបាល និងផ្លូវសាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដែលព្រះករុណាបានប្រោសព្រះរាជទាន ជូនថ្នាក់ដឹកនាំនៅឃុំពោធិចំរើន និងសប្បុរសជនដែលមានស្នាដៃចំនួន ៧រូប រួមមាន ៖ គ្រឿងឥស្សរិយយស ជាតូបការ, គ្រឿង ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនាចំនួន ៤គ្រឿង ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner