ពូជស្រូវផ្ការំដួលចំនួន៥០តោន តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបានចែកជូន ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទ បានចុះជួបសំណេះសំណាល និងពិនិត្យមើលស្ថានភាពបង្ករបង្កើនផលស្រូវរដូវវស្សា និងធ្វើការអន្តរាគមន៍ចែកគ្រាប់ពូជស្រូវផ្ការំដួល ជូនប្រជាកសិករនៅភូមិនាម៉ឺនខឹង ឃុំអញ្ចើម និងភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមការរាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃនេះ នៅក្នុងឃុំអញ្ចើម ដោយសារខ្វះទឹកភ្លៀង និងគ្មានប្រភពទឹក បានបណ្តាលឲ្យដំណាំស្រូវវស្សារបស់ប្រជាកសិករស្វិតស្រពោន និងផ្តល់ឱកាសឲ្យស្មៅចង្រៃវាយលុកយ៉ាងគំហុក បានប៉ះពាល់ និងខូចខាតទាំងស្រុងនូវដំណាំស្រូវវស្សាសរុបដល់ទៅ៣២៣ហិកតា របស់ប្រជាកសិករ៨១០គ្រួសារ។ ចំពោះភូមិរៀវ ឃុំមង់រៀវវិញ គឺស្ថានភាពប្រហាក់ប្រហែលគ្នា ប៉ះពាល់ និងខូចខាតទាំងស្រុងលើផ្ទៃដីជាង១៤៤ហិកតា របស់ប្រជាកសិករចំនួន២៣៧គ្រួសារ។ 

ដោយពិនិត្យឃើញថា ភ្លៀងបាននិងបន្តធ្លាក់ចុះក្នុងកម្រិតមួយល្អប្រសើរ និងដើម្បីស្តាស្ថានភាពឲ្យប្រសើរឡើងវិញ និងសម្រួលដល់ការខូចខាតរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអន្តរាគមន៍ដល់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការដឹកជញ្ជូនពូជស្រូវផ្ការំដួលចំនួន៥០តោន តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ពីកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង សម្រាប់ចែកជូនប្រជាកសិករទាំងពីរឃុំជាបន្ទាន់ ធ្វើយ៉ាងណាជួយគាត់ឲ្យបានធ្វើការដាំដុះ និងប្រមូលផលទាន់រដូវវស្សានេះ។

ឯកឧត្តមក៏បានឧបត្ថម្ភនូវប្រេងម៉ាស៊ូតមួយចំនួន សម្រាប់ធ្វើការបូមទឹក ក្នុងករណីដែលមានប្រភពទឹក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្ត្រីជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៤ខេត្ត-ក្រុង ត្រូវចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករជាប្រចាំ ហើយត្រូវផ្តល់ការគាំទ្រ និងចាំបាច់រកវិធានការសមស្របជូនប្រជាកសិករយើងនូវរាល់បញ្ហាប្រឈម ជាពិសេសគ្រោះរាំងស្ងួតនេះតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner