ឯកឧត្តម ស៊ុន ចាន់ថុល ប្រាប់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សា នៅប្រទេសជប៉ុន ជួយផ្សព្វផ្សាយផលិតផល និងជួយទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ដែលជាមន្ត្រីរាជការ និងបុគ្គលិក បម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងការដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់អនុសាសន៍ណែនាំ ក៏ដូចជាបទពិសោធន៍ល្អៗ មុនពេលធ្វើដំណើរទៅសិក្សានៅក្រៅប្រទេសមួយចំនួនផងដែរ។

និស្សិតចំនួន២៤រូបនេះ នឹងត្រូវចេញដំណើរទៅសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន៖ ការអភិវឌ្ឍវិស័យទឹកស្អាត ដំណោះស្រាយបញ្ហាបរិស្ថានក្នុងទីក្រុង ដំណោះស្រាយបញ្ហាចរាចរណ៍ក្នុងទីក្រុង ការអភិវឌ្ឍសេដ្ឋកិច្ច កំណែទម្រង់ផ្នែកនីតិសាស្ត្រ ការពង្រឹងទំនាក់ទំនងអន្តរជាតិ ការអភិវឌ្ឍគុណភាពអប់រំ ពង្រឹងវិស័យសុខភាព អភិវឌ្ឍវិស័យកសិកម្ម និងជំនាញអភិបាលកិច្ចល្អ ដែលត្រូវចេញដំណើរទៅសិក្សានៅថ្ងៃទី២២ ខែសីហា សម្រាប់ក្រុមទីមួយ និងថ្ងៃទី២៩ ខែសីហា សម្រាប់ក្រុមទីពីរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាអាចរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពអត្រាប្តូរប្រាក់ សិទ្ធិស្មើភាពគ្នាក្នុងការវិនិយោគ លំហូរទេសចរបរទេស បង្កើតការងារធ្វើ និងប្រាក់ចំណូលប្រជាពលរដ្ឋ និងឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាកត្តាជំរុញកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់។

ឯកឧត្ដមបានបន្ថែមថា បច្ចុប្បន្នវិនិយោគិនជប៉ុនកំពុងហូរចូលកម្ពុជាជាបណ្តើរៗជាការដាក់ទុនរយៈពេលវែង ជាការវិនិយោគនាំនូវបច្ចេកវិទ្យាកម្រិតខ្ពស់ របៀបដឹកនាំរបស់ក្រុមហ៊ុនល្អ និងបានសំណូមពរឱ្យក្រុមនិស្សិតជួយទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា ជួយផ្សព្វផ្សាយផលិតផលកម្ពុជា និងបានលើកឡើងអំពីកំណែទម្រង់ស៊ីជម្រៅដើម្បីកាត់បន្ថយចំណាយផ្លូវការ និងលុបបំបាត់ចំណាយក្រៅផ្លូវការដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបំពេញការងារបម្រើសេវាចាំបាច់ឱ្យបានល្អជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ ធ្វើបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ដែលក្នុងនោះរួមមាន ការបង្កើតមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាឱ្យកៀកទៅនឹងប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតខិតខំរៀនសូត្របន្ថែមដើម្បី ត្រឡប់មកវិញបម្រើស្ថាប័នជាតិ ក៏ដូចជាវិស័យឯកជន បង្កើតទំនាក់ទំនងល្អក្នុងចំណោមមិត្តភក្តិជានិស្សិតដើម្បីប្រយោជន៍ជាតិ ធ្វើអំពើល្អដើម្បីមុខមាត់ជាតិមាតុភូមិ ជួយផ្សព្វផ្សាយអំពីការរីកចម្រើនរបស់ ប្រទេសជាតិឱ្យគេបានដឹង ជាពិសេសឆ្លៀតឱកាសស្វែងយល់ពីវប្បធម៌ និងការរីកចម្រើនរបស់ប្រទេសជាតិគេ ដើម្បីទទួលបទពិសោធន៍ល្អៗយកមកបន្តវេនដឹកនាំអភិវឌ្ឍន៍ជាតិ យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner