ជប៉ុនត្រៀមថវិកាជាង ១៣៦លានដុល្លារ ដើម្បីគាំទ្រដល់វិស័យជលផល
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍នៅថ្ងៃទី២ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញថវិកាប្រហែល ២០ពាន់លានយ៉េន ឬប្រមាណ ១៣៦,៧៧លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មនេសាទ បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលផលិតផលអាហារសមុទ្រជប៉ុនទាំងអស់។
ទីភ្នាក់ងារគយរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ធ្វើឡើងដើម្បីការពារហានិភ័យ ពីការបំពុលដោយសារធាតុវិទ្យុសកម្ម ទាក់ទិននឹងសុវត្ថិភាពចំណីអាហារ, ការពារសុខភាពរបស់ប្រជាជនចិន និងធានាសុវត្ថិភាពអាហារដែលនាំចូល។
ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសពីវិធានការបញ្ចេញថវិកាជាង ១៣៦លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មនេសាទនៅដើមសប្តាហ៍ក្រោយនេះ។ ដោយឡែករដ្ឋមន្ត្រីជលផលជប៉ុន លោក Tetsuro Nomura បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីធ្វើពិពិធកម្មការនាំចេញត្រីរបស់ជប៉ុន ជាផលិតផលដែលពឹងផ្អែកលើប្រទេសចិន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានឱ្យដឹងថា ចិនជាប្រទេសនាំចូលត្រីដ៏ធំបំផុតរបស់ជប៉ុន ក្នុងទឹកប្រាក់ ៧១.៧ពាន់លានយ៉េន ឬប្រមាណ ៤៩៣.៤លានដុល្លារក្នុងឆ្នាំ២០២២៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា





