អ្នកជំនាញ៖ ប្រជាជនឡាវរងបញ្ហាសុខភាពផ្លូវចិត្ត ដោយសារវិបត្តិអតិផរណា និងទឹកជំនន់ធ្ងន់ធ្ងរ

វៀងចន្ទន៍៖ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងបញ្ហាសុខភាពផ្លូវចិត្តស្ទើរទ្វេដង ក្នុងចំណោមប្រជាជនឡាវ ដោយសារតែវិបត្តិអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។

បន្ទាប់ពីមានការកើនឡើងនៃអតិផរណា និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមហាសុត បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកជម្ងឺផ្លូវចិត្តដែលបានកើតឡើងលើប្រជាជនឡាវជាច្រើន។

បើតាមសារព័ត៌មានវៀងចន្ទន៍ថាមស៍ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកស្រុកជាង ៧០,០០០នាក់ ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពផ្លូវចិត្តកាលពីឆ្នាំមុន ហើយចំនួននេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទ្វេដងនៅឆ្នាំនេះ។ មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារតែការកើនឡើងតម្លៃនៃការរស់នៅ ដែលបណ្តាលមកពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ លើសពីការគ្រប់គ្រងរបស់មនុស្ស។

ភាពតានតឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសការអសមត្ថភាព ដើម្បីធានានូវតម្រូវការចាំបាច់ដូចជាអាហារ ទីជម្រក និងការថែទាំសុខភាព ក៏ធ្វើឱ្យមានភាពតានតឹង និងបង្កើតអារម្មណ៍នៃភាពអស់សង្ឃឹមផងដែរ។ យ៉ាងណាមិញ នៅប្រទេសឡាវ បុគ្គលដែលមានបញ្ហាសុខភាពផ្លូវចិត្តអាចស្វែងរកការគាំទ្រ តាមរយៈអង្គភាពសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមហាសុត និងមន្ទីរពេទ្យយោធា ១០៣៕ ប្រភព៖ Laotian Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner