កម្ពុជា មិនមានការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថា នឹងមិនបិទការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុននោះទេ បើទោះបីជារដ្ឋាភិបាលជប៉ុន បានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ ហ្វូគូស៊ីម៉ា(Fukushima) ចូលផ្ទៃសមុទ្រក៏ដោយ ខណៈដែលខាងសង្គមស៊ីវិលផ្នែកបរិស្ថានកម្ពុជា ក៏បានគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។

យោងតាមសារព័ត៌មានជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ធ្លាប់បានអះអាងថា ទឹកដែលមានសមាសធាតុវិទ្យុសកម្មពីរោងចក្រ Fukushima ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ និងបញ្ចេញបន្តិចម្តងៗទៅក្នុងមហាសមុទ្រក្នុងរយៈពេលច្រើនឆ្នាំ។

ប្រភពដដែលថា ជប៉ុនបានកំណត់ថា កំហាប់ទ្រីទីយ៉ូមដែលនៅក្នុងទឹកសំណល់វិទ្យុសកម្មនេះ មានទាបជាង១៥០០Becquerelក្នុងមួយលីត្រ (Becquerel គឺជាឯកតានៃវិទ្យុសកម្មនៅក្នុងប្រព័ន្ធអន្តរជាតិ) ទាបជាងកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោកចំនួន ៧ដងនៃកម្រិត ១០ ០០០ Becquerel ក្នុងមួយលីត្រ សម្រាប់ទឹកបរិភោគ។

ក្រោយពីប្រទេសជប៉ុន បានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលផ្ទៃសមុទ្រប៉ាស៊ីហ្វិកមក ធ្វើឱ្យបណ្តាប្រទេសមួយចំនួនមានការមិនពេញចិត្តនឹងសកម្មភាពនេះ ជាពិសេសចិន ដែលបានប្រកាសឈប់នាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន និងប្រជាជនជប៉ុនខ្លួនឯងក៏មានការតវ៉ាផងដែរ ចំពោះបញ្ហានេះ។

ចំពោះកម្ពុជាវិញ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា មូលហេតុដែលកម្ពុជាមិនបិទការនាំចូលគ្រឿងសមុទ្រនេះ ក៏ព្រោះតែជប៉ុនអនុវត្តត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ប្រទេសគេ ហើយមួយវិញទៀតបើទោះបីជាគ្រឿងសមុទ្រទាំងនេះ ត្រូវបាននាំចូលពីជប៉ុនក៏ដោយ ប៉ុន្តែកម្ពុជាពុំបានបែងចែកប្រភពដើម ឬពីតំបន់ណាមួយនៅឡើយទេ។

លោកបន្តថា មួយវិញទៀត មិនមានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងបញ្ហាដែលថាផលិតផលសមុទ្រ ឬទឹកសំណល់វិទ្យុសកម្មពីFukushima ដែលបង្ហូរចូលសមុទ្រ មានសារធាតុធ្វើឱ្យប៉ះពាល់លំហរសមុទ្រ និងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋនោះទេ។

លោក ប៉ែន សុជាតិ បានបញ្ជាក់ថា ៖ «ហេតុនេះហើយដែលយើងពិបាកនៅក្នុងការហាមឃាត់ការនាំចូលផលិតផលគ្រឿងសមុទ្រពីជប៉ុន។ គ្រឿងសមុទ្រមួយចំនួន ជាពិសេសត្រីសាល់ម៉ុន ត្រីធូណា ដែលចរាចរលើទីផ្សារកម្ពុជានាបច្ចុប្បន្ន ក៏មានការនាំចូលពីប្រទេសវៀតណាម ចិន និងប្រទេសនានាផងដែរ»។

ឯកឧត្តមបានប្រាប់យ៉ាងដូច្នេះថា ៖ «កម្ពុជា យើងនៅតែអនុញ្ញាតឱ្យមានការនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយមិនមានការហាមនាំចូលនូវប្រភេទគ្រឿងសមុទ្រអ្វីឡើយ ហើយគ្រឿងសមុទ្រដែលកម្ពុជានាំចូលពីជប៉ុននេះ ភាគច្រើន ជាគ្រឿងសមុទ្របង្កក ដូចជា៖ ព្រុយត្រីឆ្លាម បង្កង ក្តាម…ជាដើម»។

អ្នកនាំពាក្យដដែលបន្តថា ក្រៅពីនេះ កម្ពុជាក៏មាននាំចូលប្រភេទគ្រឿងសមុទ្រស្រស់ និងក្លាស្សេផងដែរ រួមមាន ត្រីសាល់ម៉ុនប៉ាស៊ីហ្វិក ត្រីសាល់ម៉ុនអាត្លង់ទិក ត្រីដាវ ត្រីធូណា ជាដើម។

ជាមួយគ្នានេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ ដែលជាអង្គការធ្វើការងារច្រើនទាក់ទងនឹងការសម្អាតបរិស្ថានក្នុងទឹក ជាពិសេសទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក បានប្រាប់ឱ្យដឹងដែរថា លោកមានការជឿជាក់លើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន និងInternational Atomic Energy Agency (IAEA) ដែលបានសិក្សាបែបវិទ្យាសាស្រ្តអស់រយៈពេលជាង១០ឆ្នាំក្នុងការបញ្ចប់សារធាតុវិទ្យុសកម្មពីសំណល់របស់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរនោះ។

លោកបានថ្លែងថា ៖ «ការសិក្សាប្រព័ន្ធរាវរកកម្រិតខ្ពស់នៃសារធាតុរាវ (ALPS) បានត្រូវពិនិត្យ និងបានបង្ហាញយ៉ាងច្បាស់ជាសាធារណៈនូវលទ្ធផលថាគ្មានសារធាតុវិទ្យុសកម្មក្នុងសំណល់នោះទេ។ ដូច្នេះខ្ញុំមិនមានការបារម្ភទេ ព្រោះរាជរដ្ឋាភិបាលប្រទេសជប៉ុនយល់ច្បាស់ និងបារម្ភជាងប្រទេសណាៗទាំងអស់ ប៉ុន្តែផ្អែកលើការសិក្សាត្រឹមត្រូវ គឺមិនមានការបារម្ភនោះទេ»។

សូមជម្រាបថា ជាងមួយសប្តាហ៍ហើយ ដែលជប៉ុនបានបង្ហូរទឹកសំណល់វិទ្យុសកម្មនៅFukushima ចូលសមុទ្រ។ ទឹកសំណល់វិទ្យុសកម្មដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima នេះ ត្រូវបានIAEA អះអាងថា ជាទឹកមានសុវត្ថិភាព ដូចរោងចក្រនុយក្លេអ៊ែរនៅជុំវិញពិភពលោកឯទៀតដែរ។

ផ្អែកតាមស្ថានភាពជាក់ស្តែង និងកត្តាវិទ្យាសាស្ត្រទាំងនេះ រួមទាំងកាតព្វកិច្ចក្នុងនាមជាសមាជិកWTO កម្ពុជាត្រូវបន្តអនុវត្តក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុន។ នេះបើតាមការលើកឡើងបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕ ដោយ៖ វណ្ណ សុជាតា

ads banner