ជនជាតិអេរីទ្រា ជាង១០០នាក់ រងរបួសក្នុងការប៉ះទង្គិចគ្នានៅរាជធានីនៃប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ មនុស្សជាង ១០០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រាដែលកំពុងប្រារព្ធព្រឹត្តិការណ៍Eritrea Day តទល់នឹងក្រុមប្រឆាំងចំពោះលោកប្រធានាធិបតី Isaias Afwerki នៅទីក្រុង Tel Aviv រាជធានីនៃប្រទេសអ៊ីស្រាអែល។

បើយោងតាម អ្នកកាសែត រ៉យទ័រ នៅកន្លែងកើតហេតុបាននិយាយថា ប៉ូលិសអ៊ីស្រាអែលបានបាញ់គ្រាប់បែកដៃដើម្បីបំបែកការប៉ះទង្គិចគ្នា ក៏ប៉ុន្តែអ្នកតវ៉ាខ្លះបានគប់ដុំថ្មមកលើប៉ូលិសនិងដុតធុងសំរាមថែមទៀតផង។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា អ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រា ឬអ្នកគាំទ្រប្រធានាធិបតី Isaias Afwerki បានវាយដំទៅលើក្រុមអ្នកតវ៉ាប្រឆាំង និងក្រុមរបស់ពួកគេ។

ជុំវិញការប៉ះទង្គិចគ្នានេះ មន្ត្រីពេទ្យអ៊ីស្រាអែលបាននិយាយថា មនុស្សជាង ១១៤ នាក់ត្រូវបានព្យាបាលរបួសក្នុងនោះមានប៉ូលិសប្រហែល ៣០ នាក់ផងដែរ។ អំពើហឹង្សាបានផ្ទុះឡើងជុំវិញព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយស្ថានទូតអេរីទ្រា ប្រចាំប្រទេសអ៊ីស្រាអែល ដើម្បីប្រារព្ធទិវាបដិវត្តន៍នៅថ្ងៃទី១ ខែកញ្ញា ដែលរំលឹកដល់ការចាប់ផ្តើមនៃសង្គ្រាមឯករាជ្យអេរីទ្រាប្រឆាំងនឹងប្រទេសអេត្យូពីក្នុង ឆ្នាំ១៩៦១។

គួររំលឹកថា លោក Isaias បានឡើងគ្រប់គ្រងប្រទេសចាប់តាំងពី Eritrea ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩៣ មកម្ល៉េះ។ បច្ចុប្បន្នេនេះក្រុមសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលលោក Isaias ខណៈប្រទេសនេះក៏ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជុំវិញការរំលោភបំពានសិទ្ធិមនុស្ស។

អ្នកតវ៉ាម្នាក់នៅទីក្រុង Tel Aviv លោក Hagos Gavriot បានប្រាប់រ៉យទ័រ ដោយបង្ហាញអារម្មណ៍ខកចិត្តចំពោះប៉ូលីសអ៊ីស្រាអែលដែលផ្តល់ការអនុញ្ញាតឱ្យក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រារព្ធព្រឹត្តិការណ៍Eritrea Day ដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាលប្រឆាំងជាដាច់ខាតចំពោះ រឿងនេះ។

គួរជម្រាបថា ជនជាតិអេរីទ្រាប្រហែល ២៥ ៥០០នាក់បានទទួលសិទ្ធិជ្រកកោន និងបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល។ នេះបើយោងតាម Assaf ដែលជាអង្គការដែលផ្តល់ជំនួយដល់ជនភៀសខ្លួន។ ជនជាតិអេរីទ្រា ដែលបានភៀសខ្លួនទៅអ៊ីស្រាអែល តាមព្រំដែនរបស់ខ្លួនជាមួយអេហ្ស៊ីបទាំងនេះ និយាយថា ពួកគេមិនអាចធ្វើមាតុភូមិនិវត្តន៍បាននោះទេ ក្នុងករណីដែលធ្វើមាតុភូមិនិវត្តន៍វិញពួកគេនឹងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner