គម្រោងអនុវត្តសាកល្បងស្រែគំរូ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានជោគជ័យគួរជាទីមោទនៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គម្រោងសាកល្បងដំបូងនៃស្រែគំរូនាខេត្តព្រៃវែងដែលបង្កើតដោយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ដោយប្រើប្រាស់ពូជស្រូវពីបរទេស និងបច្ចេកវិទ្យាទំនើប ដាំដុះលើផ្ទៃដីប្រាំហិកតា បានទទួលជោគជ័យ ខណៈមន្រ្តីជំនាញនឹងធ្វើការចែកពូជស្រូវនេះបន្តដល់សហគមន៍នានា ក្នុងខេត្តបន្តទៀត។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២ ខែកញ្ញាបានចុះទៅពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ទទួលបានផលរហូតដល់ទៅជាងប្រាំបីតោន ក្នុងមួយហិកតា។

គម្រោងស្រែគំរូ ត្រូវបានអនុវត្តឡើងក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ។

លោក ចាន់ សីហា អគ្គនាយករង និងជាអ្នកនាំពាក្យធនាគារអភិវឌ្ឋន៍ជនបទ និងកសិកម្ម (ARDB) បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ស្រែគំរូ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនេះ ជាការសាកល្បងលើកទី១ ដោយបានប្រើប្រាស់បច្ចេកវិទ្យាដ្រូន ក្នុងការព្រោះពូជស្រូវ ដែលធ្វើឱ្យស្រែនេះប្រើប្រាស់ពូជតិចបំផុតត្រឹមតែ៣០គីឡូក្រាម។ ខណៈដែលការប្រើព្រោះស្រូវដោយដៃត្រូវប្រើប្រាស់ពូជចន្លោះ២០០ ទៅ២៥០គីឡូក្រាម ក្នុងមួយហិកតា។ ម្យ៉ាងវិញការប្រើប្រាស់ជីកសិកម្មក៏មានកម្រិតតិចជាងការប្រើប្រាស់ជីរបស់កសិកររាល់ថ្ងៃនេះដែរ។

លោក ចាន់ សីហា បានបញ្ជាក់ថា ៖ «យើងបានសហការជាមួយរោងម៉ាស៊ីនកិនស្រូវមួយកន្លែងនាខេត្តព្រៃវែង ដែលជាដៃគូរបស់ ARDB ដោយរោងចក្រម៉ាស៊ីន បានផ្តល់ដីទំហំប្រាំហិកតានេះ ឱ្យខាងមន្រ្តីជំនាញ ARDB សាកល្បងដាំដុះ»។

លោកបានបន្តថា ៖ «យើងកំពុងសិក្សាមើលថា តើជំហានបន្ទាប់ ក្រោយពេលដែលយើងប្រមូលផលពូជនេះ យើងអាចបង្កាត់ដោយខ្លួនឯងបានឬទេ ព្រោះពូជនេះជាពូជល្អ អង្ករទន់ និងឆាប់បានប្រមូលផល ដោយប្រើពេលប្រមាណ៩៥ថ្ងៃប៉ុណ្ណោះ»។

លោកអគ្គនាយករង ARDB បានពន្យល់បន្ថែមថា ក្រៅពីកត្តាពូជ បច្ចេកទេសក្នុងការដាំដុះហើយ ស្ថានភាពអំណោយផលនៃភូមិសាស្រ្តខេត្តព្រៃវែង ដែលមានដីសម្បូរជីជាតិនេះ ក៏ជាហេតុផលជំរុញឱ្យទិន្នផលស្រូវនេះបានច្រើនផងដែរ។ ក្រោយពីប្រមូលផលនេះហើយ មន្រ្តីជំនាញនឹងទុកពូជស្រូវនេះ ដើម្បីដាំដុះឡើងវិញ បន្ទាប់មកនឹងពិនិត្យមើលថាតើការប្រមូលផលលើកក្រោយ ស្រូវនឹងមានគុណភាពដូចការប្រមូលនាពេលនេះឬយ៉ាងណា។

លោក ចាន់ សីហា បានថ្លែងថា ៖ «ពូជនេះ ជាពូជស្រូវយកពីក្រៅស្រុក ដើម្បីសាកល្បង ដូចនេះយើងខ្លាចទោះបីជាវាដាំដុះបានល្អមែន ប៉ុន្តែទុកធ្វើពូជមិនបាន ហើយត្រូវនាំចូលពីគេរហូតនោះ គឺមិនអាចទេ។ ដូច្នេះ យើងសាកល្បងមើលសិន បើការប្រមូលផលលើកក្រោយទទួលបានផលល្អបែបនេះដែរ យើងនឹងចែកចាយពូជនេះឱ្យទៅសហគមន៍កសិកម្ម ខេត្តព្រៃវែង និងឱ្យចែកចាយដល់កសិករបន្តទៀត»។

ចំណែក លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្ន ពូជស្រូវដែលសហគមន៍បាភ្នំមានជ័យ បាននិងកំពុងផលិត មាន៣ប្រភេទ គឺពូជផ្ការំដួល សែនក្រអូប០១ និងពូជ OM54 ដែលក្នុងឆ្នាំ២០២២កន្លងទៅ សហគមន៍ផលិតបានជាង២៦៨តោន។

ចំពោះពូជថ្មី ដែលធនាគារអភិវឌ្ឋន៍ជនបទ និងកសិកម្ម (ARDB) មានគម្រោងនឹងផ្តល់មកឱ្យខាងសហគមន៍ លោកបានប្រាប់ថា សហគមន៍រីករាយនឹងការទទួលបានពូជថ្មីៗសម្រាប់ដាំដុះ ឱ្យតែពូជនោះជាប្រភេទពូជល្អ ងាយស្រួលដាំដុះ ចំណាយលើការថែទាំតិច ព្រោះថាបច្ចុប្បន្ន កសិករភាគច្រើនលែងសូវចង់ដាំដុះពូជសែនក្រអូបហើយ ដោយសារពិបាកដាំដុះ និងថែទាំ ដោយងាកមកដាំស្រូវប្រភេទ OM54 វិញ។

លោកបានប្រាប់ថា បើមានពូជថ្មីៗយើងចង់សាកមើលដែរ ជាពិសេសកសិករចង់បានតែពូជណា ដែលធន់នឹងអាកាសធាតុ ចំណាយលើការថែទាំតិច និងបានទិន្នផលច្រើន។ រោងម៉ាស៊ីនក្នុងខេត្តព្រៃវែងយើងមិនសូវទិញសែនក្រអូប០១ទេ ទើបយើងមិនសូវផលិត។ ពូជស្រូវ ដែលសហគមន៍កសិកម្មផលិតបាន មិនត្រឹមតែលក់នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះទេ ថែមនាំចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ។

បើតាមវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សព្វថ្ងៃនេះ ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ដោយក្នុងនោះពូជស្រូវដែលខាងវិទ្យាស្ថានបានប្រមូលមកទុក និងសិក្សាស្រាវជ្រាវមានជាងពីរពាន់ពូជ ខណៈដែលពូជមានការពេញនិយមក្នុងការដាំដុះមានជាងមួយពាន់ពូជ៕ ដោយ៖ វណ្ណ សុជាតា

ads banner