គណបក្សនយោបាយចំនួន ២៧ បានដាក់លិខិតស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានទទួលលិខិតស្នើសុំចូលជាសមាជិកពីបណ្តាគណបក្សនយោបាយចំនួន ២៧ គណបក្ស ក្នុងចំណោមគណបក្សនយោបាយជាង ៤០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការរដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោកមិនទាន់បានធ្វើការពិនិត្យលំអិតលើលិខិតស្នើសុំរបស់គណបក្សនយោបាយទាំង២៧គណបក្សនេះនៅឡើយទេ ដោយគ្រាន់តែខាងលេខាធិការរដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទទួលនូវរាល់គ្រប់ក្រដាសស្នាមនៃការស្នើសុំទាំងអស់។
លោកមានប្រសាសន៍ថា ៖ «យើងគ្រាន់តែទទួល មិនទាន់ពិនិត្យ និងបញ្ជូនទៅសម្តេចនាយករដ្ឋមន្ត្រីនៅឡើយទេ។ លុះត្រាតែចប់រយៈពេលកំណត់ចំនួន ១៤ ថ្ងៃ ទើបយើងពិនិត្យនូវឯកសារត្រឹមត្រូវទាំងអស់ ទើបយើងបញ្ជូនទៅនាយករដ្ឋមន្រ្តីពិនិត្យបន្ថែម»។
ឯកឧត្តម ឈឹម ផលវរុណ បញ្ជាក់ទៀតថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នឹងទាមទារឯកសារបន្ថែម ក្រោយពិនិត្យឃើញថា នៅខ្វះឯកសារណាមួយ នៅពេលដែលតំណាងគណបក្សនយោបាយយកលិខិតមកដាក់។ ប៉ុន្តែ បើខ្វះ គណបក្សខ្លួនឯងជាអ្នកទទួលខុសត្រូវ។ ទោះជាយ៉ាងណា លោកក៏បានស្នើសុំមិនប្រាប់ពីឈ្មោះគណបក្សនយោបាយទាំងនោះទេ ព្រោះវាជាគោលការណ៍ និងការគោរពសិទ្ធិចំពោះគណបក្សនយោបាយ។ជាគោលការណ៍យើងទទួល ១៤ ថ្ងៃ ក្រោយពីព្រះរាជក្រឹត្យចូលជាធរមាន យើងបានប្រកាសតាមហ្នឹងអស់ហើយ។ អីចឹង! បើយើងនិយាយឱ្យសាមញ្ញ និងងាយយល់ គឺនៅសល់ប្រហែល មួយអាទិត្យទៀតអីហ្នឹង ប្រហែលចប់ហើយ។
ទាក់ទិននឹងបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងដែរថា គណបក្សរបស់លោកបានដាក់លិខិតស្នើសុំចូលរួមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ រួចហើយ ហើយលើកនេះ ក៏ជាអាណត្តិទី២ របស់គណបក្សរបស់លោកដែលនឹងចូលរួមដែរ។
លោកបានបន្តថា ការចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ មិនអាចដើរលើសពីព្រះរាជក្រឹត្យនោះទេ ហើយគ្រប់គណបក្សដែលបានចូលរួមក៏នឹងបំពេញទៅតាមតួនាទីតាមព្រះរាជក្រឹត្យ និងស្ថានភាពជាក់ស្តែងដែលកើតឡើងដែរ។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា ៖ «ដូច្នេះ ខ្ញុំមិនកំណត់ថា នឹងលើកអ្វីទៅរដ្ឋាភិបាលទេ ប៉ុន្តែយើងនឹងមើលស្ថានភាពជាក់ស្តែងដែលកើតឡើងនៅក្នុងសង្គមជាតិយើង»។
សូមរម្លឹកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យស្តីពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
អនុក្រឹត្យបានបញ្ជាក់ថា ៖ «ត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានសមាសភាពពីគណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង គណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា»៕ ដោយ៖ គឹម យុត្ថារ៉ូ