រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឱ្យពិនិត្យឡើងវិញលើការប្រើប្រាស់ឯកសណ្ឋានមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យមន្រ្តីពាក់ព័ន្ធធ្វើការពិនិត្យ និងសិក្សាឡើងវិញពីឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយលោកបានណែនាំថាមិនត្រូវប្រើឯកសណ្ឋានដូចគ្នាទៅនឹងនគរបាលចរាចរណ៍នោះទេ។
តាមរយៈសារសំឡេងរបស់ឯកឧត្តមបណ្ឌិត ស សុខា ដែលបានផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមមានប្រសាសន៍ថា ៖ «ត្រូវពិនិត្យសារដើមឡើងវិញនូវមន្រ្តីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញឬតាមបណ្តាខេត្តផ្សេងៗទៀតបើមាន បើអាចត្រូវឱ្យពួកគាត់ពាក់ឯកសណ្ឋានខុសពីប៉ូលិសចរាចរណ៍»។

ឯកឧត្តម ស សុខា បានបញ្ជាក់ថា ៖ «បើយើងពិនិត្យឱ្យមែនទែន ពួកគាត់ដែលជាមន្រ្តីជាប់កិច្ចសន្យាគឺមានតួនាទីត្រឹមជាអ្នកជួយសម្រួលចរាចរណ៍ទេបើមើលតាមលក្ខខណ្ឌ តែឥឡូវនេះពួកគាត់ហ៊ានហៅឡានឈប់ គាត់ទៅគោរពគេឱ្យចុះពីឡាន ទៅជួបជាមួយនឹងមន្រ្តីរបស់យើងក៏មានដែរ»។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា អ្វីដែលមន្រ្តីជាប់កិច្ចសន្យាធ្វើបែបនេះគឺជាការធ្វើហួសពីដែនសមត្ថកិច្ចដែល ប្រគល់ជូន។
សូមជម្រាបដែរថា មន្រ្តីជាប់កិច្ចសន្យា សំដៅដល់មន្រ្តីមិនមែនជាមន្រ្តីរាជការក្របខ័ណ្ឌដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធី និងផ្អែកលើមុខតំណែងកំណត់ដោយអនុក្រឹត្យ ដើម្បីបំពេញតម្រូវការជាក់ស្តែង និងចាំបាច់របស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាមុខតំណែងបន្ទាប់បន្សំនិងមិនអចិន្ត្រៃយ៍មួយចំនួន ហើយការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យានេះមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃចំណាយសាធារណៈជាជាងការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌដើម្បីបំពេញមុខតំណែងនោះ។
ទាក់ទងនឹងការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រផងដែរ បើទោះបីជាលោកមិនទាន់បានសិក្សាឱ្យបានស៊ីជម្រៅលើភារកិច្ចនៃមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា និងពេញសិទ្ធិនោះក៏ដោយ។

លោកបានបន្តថា ការផ្តល់សិទ្ធិឱ្យនគរបាលចរាចរណ៍ពេញសិទ្ធិដែលទទួលបានការបណ្តុះបណ្តាល បានទូលំទូលាយ ធ្វើការផាកពិន័យនឹងមិនធ្វើឱ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋនោះទេ។ រីឯការបែងចែកឯកសណ្ឋាននេះ ក៏ជារឿងមួយត្រឹមត្រូវដេលវានឹងជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ថា មន្ត្រីដែលឃាត់រថយន្តរបស់ពួកគាត់ មានសិទ្ធិ ក្នុងផាកពិន័យដែរឬទេ?។
យ៉ាងនេះក្តី លោក គឹម បញ្ញា បានស្នើឡើងដែរថា ជាទស្សនៈរបស់លោក លោកលើកទឹកចិត្តឱ្យមានការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្រើនបន្ថែមទៀត ជាពិសេស សម្រាប់មន្ត្រីបម្រើការងារនៅពេលល្ងាច ព្រោះយើងឃើញថា មានការកកស្ទះនៅពេលល្ងាចច្រើននៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ»។
លោកបានបន្តថា បើមានមន្ត្រីជាប់កិច្ចសន្យានេះច្រើនក៏ជាការជួយសម្រួលចរាចរណ៍ នឹងជួយពលរដ្ឋបានកាន់តែច្រើន និងកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍ បានមួយកម្រិតទៀតផងដែរ។
ទោះជាយ៉ាងណាលោក គឹម បញ្ញា ក៏នៅតែលើកឡើងពីបញ្ហាកង្វល់របស់លោកផងដែរថា សម្រាប់មន្ត្រីពេញសិទ្ធិ ក៏គួរតែពង្រឹងវិន័យ និងផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត ដល់ពួកគាត់ ដើម្បីឱ្យការអនុវត្តច្បាប់ចរាចរណ៍ធ្វើឡើងប្រកបដោយតម្លាភាព ត្រឹមត្រូវ និងទាក់ទាញ ការចូលរួមឱ្យប្រជាពលរដ្ឋគោរពច្បាប់ ចៀសវាងការយល់ឃើញរបស់ប្រជាពលរដ្ឋថា ការអនុវត្តច្បាប់ចង់បានតែលុយ ពីពួកគាត់តែប៉ុណ្ណោះ៕ ដោយ៖ គឹម យុត្ថារ៉ូ