រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញដល់ប្រជាសហគមន៍ឱ្យ ដាំដើមឈើ ដើម្បីបង្កើនប្រាក់ចំណូល
កោះកុង ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឱ្យ ប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្ស ព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូល នៅក្នុងសហគមន៍។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរ ចុះសួរសុខទុក្ខ ប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃ អាទិត្យទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា សហគមន៍បានចូលរួមការពារនិង អភិរក្ស ធនធាន ធម្មជាតិ ដោយមិនមានទៀតទេការកាប់រានព្រៃ ឬ ការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការ មកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេស ភាព ដងព្រែក ភូមិបូរាណ និងការជិះទូកលេងកម្សាន្ត ហើយប្រជាសហគមន៍ កំពុងទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ ។ តែទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរលើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ភ្ញៀវទេសចរ ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បី ធានានិរន្ត ភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជា ប្រភព ប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់ កាបូន ហើយ ចំណូលពីការលក់កាបូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យ ប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈ ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។

គួររម្លឹកដែរថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្ត របស់ ក្រសួងបរិស្ថាន ដែលអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្ត ទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុង អត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ប្រកបដោយ ភាពធន់ និងវិបត្តិនានា។

សូមបញ្ជាក់ដែរថា សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ និងមានសមាជិកចំនួន ១៧៧ គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលមានសក្តានុពលធម្មជាតិ ដូចជាព្រៃឈើ ព្រៃកោង កាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបូរាណ រួមនឹងការនេសាទ សមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍អ្នកទេសចរ មកទស្សនាជាបន្តបន្ទាប់៕ ដោយ៖ គ្រី សម្បត្តិ
