(Update) រថយន្តដឹកកម្មករក្រឡាប់ បណ្តាលឲ្យកម្មករស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់ នៅស្រុកស្វាយទាប
ស្វាយរៀង៖ កម្មករពីនាក់បានស្លាប់ និងកម្មករកម្មការិនីជាង៣០នាក់ទៀត បានរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារតៃកុងស្ទើរភ្លើងបើកបរខ្វះការប្រុងប្រយ័ត្ន។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករក្រឡាប់ទៅម្ខាងថ្នល់ ដែលមានកម្មករនិយោជិតក្នុងរថយន្តសរុបចំនួន៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១៧នាក់ (ស្លាប់ចំនួន០២នាក់ ស្រីម្នាក់) និងបានបញ្ជូនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន១៦នាក់។ ក្នុងនោះដែរ ភ្នាក់ងារ ប.ស.ស. ប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំងពីរ និងមន្ត្រីបុគ្គលិក ប.ស.ស ខេត្តស្វាយរៀងកំពុងចាំសម្របសម្រួលជាបន្ទាន់ជាលោគ្រូពេទ្យ។
យោងតាមលោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កម្មករកម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះ មានកម្មករប្រុសស្រីបានស្លាប់ពីរនាក់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់ទៀតកំ ពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជីភូក្រុងបាវិត។
យោងតាមកម្មករបានឲ្យដឹងថា នៅព្រឹកមិញនេះ រថយន្តដែលពួកគេជិះបានក្រឡាប់បីបួនត្រឡប់បានបណ្តាលឲ្យកម្មករប្រុសស្រីស្លាប់ពីនាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត មូលហេតុដោយសារតៃកុងទើបរៀនបើកបរបានពីរថ្ងៃ ខ្វះការប្រុងប្រយត្ន័ទើបជួបគ្រោះថ្នាក់បែបនេះតែម្តង។ យ៉ាងណាក៏ដោយសមត្ថកិច្ច និងក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យ ចំណែកសពកម្មករ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ.ព២AM-៣៤៦២ ដឹកកម្មកររោងចក្រ អ្នកបើកបរឈ្មោះ ខេន សាវៀន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបរ រថយន្តដឹកកម្មករ រស់នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប។ ចំណែកជនរងគ្រោះដែលស្លាប់នោះទី១)ឈ្មោះ គង់ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលអង្គ ឃុំគគីរសោម និងទី២)ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិបាក់ថង់ ឃុំគគីរសោម ស្រុកស្វាយទាបខេត្តស្វាយរៀង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរនេះដែរ ឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះ មានកម្មករដែលជិះក្នុងរថយន្តកូរ៉េមានចំនួន៣៣នាក់ ក្នុងនោះស្លាប់២នាក់ និងរបួស៣១នាក់ ហើយអាជ្ញាធរខេត្តដឹកនាំដោយរូបលោកផ្ទាល់ និងមន្ត្រីដែលពាក់ពន្ធ័ជាពិសេសមន្ត្រី បសស ខេត្តបានចូលរួមសហការជួយសង្គ្រោះកម្មករឲ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយ។ រីឯអ្នកដែលរបួសធ្ងន់បានបញ្ជូនមកពេទ្យខេត្ត ក្នុងនោះបើពេទ្យខេត្តអត់លទ្ធភាពក្នុងការព្យាបាលទេ លោកនឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្តទៀត គឺយ៉ាងណាជួយសង្គ្រោះឲ្យអស់លទ្ធភាព។ ចំណែកភ្នាក់ងារ ប.ស.ស. នៅចាំរៀបចំឯកសារទូទាត់គឺនៅជាប់ជាមួយក្រុមការងារគ្រូពេទ្យនិងជនរងគ្រោះតែម្តង មិនឲ្យពាក់ពន្ធ័ទៅនឹងការស្ទះថវិកានោះទេ គ្រប់ជំនាញគ្រប់ផ្នែកកំពុងដុតដៃដុតជើងធ្វើរឿង។
ឯកឧត្តម តូច ប៉ូលីវ៉ា បានបញ្ជាក់ទៀត ចំណែកកម្មករដែលស្លាប់ប្រុសស្រីពីនាក់ គឺបានបញ្ជូនទៅដល់លំនៅដ្ឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយអាជ្ញាធរខេត្តក៏ដូចលោកស្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាបនឹងទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងបុណ្យសពផងដែរ៕ធ.ដ