បាតុកម្មទាមទារឱ្យដកទ័ពបារាំងចេញពីប្រទេសនីហ្សេ ឈានចូលដល់ថ្ងៃទី៣
នីញ៉ាម៉េ៖ ក្រុមបាតុកររាប់ពាន់នាក់ក្នុងប្រទេស នីហ្សេ កាលពីថ្ងៃអាទិត្យ បានបន្តធ្វើបាតុកម្ម នៅថ្ងៃទីបី ទាមទារឱ្យអតីតមេដឹកនាំអាណានិគមបារាំង ដកទ័ពរបស់ខ្លួនចេញ ដូចនឹងការចង់បានរបស់របបយោធា ដែលបានដណ្តើមអំណាច កាលពីខែកក្កដា។
ក្រុមបាតុករបានស្រែកពាក្យស្លោកដដែលៗ នៅក្នុងការជួបជុំគ្នា ក្នុងរដ្ឋធានី នីញ៉ាម៉េ (Niamey) ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី ២៦ ខែកក្កដាថា «បារាំងទម្លាក់ចុះទៅ! បារាំងចេញទៅ»។

របបយោធារបស់នីហ្សេបានបោះពាក្យសម្តីថ្មីមួយ កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់រដ្ឋាភិបាលបារាំងថា «ជ្រៀតជ្រែកដោយឥតលាក់លៀម» ហើយគាំទ្រប្រធានាធិបតីប្រទេសនីហ្សេ ដែលទើបត្រូវបានបណ្តេញចេញ។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ានៅរង្វង់មូលមួយ នៅជិតមូលដ្ឋានយោធានីហ្សេ ជាទីដែលទាហានបារាំងឈរជើង។
កាលពីនៅថ្ងៃទី៣ ខែសីហា របបយោធាបានប្រកាសលុបចោលកិច្ចព្រមព្រៀងយោធា ជាមួយប្រទេសបារាំងដែលមានទាហានប្រហែល ១៥០០ នាក់ឈរជើង នៅក្នុងប្រទេសនីហ្សេ។
មេដឹកនាំយោធាក៏បានប្រកាស “បណ្តេញចេញ” ឯកអគ្គរដ្ឋទូតបារាំងហើយបាននិយាយថា ពួកគេកំពុងដកអភ័យឯកសិទ្ធិការទូតទៀតផង ។ ពួកគេបាននិយាយថា វត្តមានរបស់លោកទូត គឺជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត