អាជ្ញាធរសង្គ្រោះមនុស្សជាប់គាំងក្នុងរថយន្ត អំឡុងទឹកជំនន់នៅអេស្ប៉ាញ
ម៉ាឌ្រីដ៖ ប្រជាពលរដ្ឋអេស្ប៉ាញត្រូវបានគេជួយសង្គ្រោះពីរថយន្តដែលជាប់គាំង អំឡុងគ្រោះទឹកជំនន់ ក្នុងប្រទេសនេះ។
នៅក្នុងទីក្រុង Castelló នៃប្រទេសអេស្ប៉ាញ ក្រុមអាជ្ញាធរបានជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្នុងរថយន្តរបស់ពួកគេ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ នៅភាគខាងកើតនៃប្រទេសមួយនេះ។

ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ (AEMET) បានប្រកាស ការជូនដំណឹង អំពីហានិភ័យសម្រាប់ស្ទើរតែពាក់កណ្តាលនៃប្រទេស រួមទាំងការជូនដំណឹងពណ៌ក្រហម ជុំវិញទីក្រុងម៉ាឌ្រីដ ដែលប្រជាពលរដ្ឋបានទទួលសារបន្ទាន់មួយ ចូលទៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដែលណែនាំពួកគេឱ្យនៅផ្ទះ។
ការជូនដំណឹងអាកាសធាតុពណ៌ក្រហមអតិបរមា មាននៅក្នុងរដ្ឋធានី Madrid, ក្រុង Toledo និង ក្រុង Cádiz។ ការប្រកួតបាល់ទាត់ កាលពីថ្ងៃអាទិត្យរវាង Atletico Madrid និង Sevilla ត្រូវបានផ្អាកដោយសារតែភ្លៀងធ្លាក់ខ្លាំង។
អភិបាលក្រុងម៉ាឌ្រីដ បាននិយាយថា ប្រជាពលរដ្ឋនៅក្នុងក្រុង ត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខុសពីធម្មតា។
នៅក្នុងរដ្ឋធានីរបស់អេស្ប៉ាញតែឯង ក្រុមអ្នកពន្លត់អគ្គីភ័យត្រូវបានគេហៅ ឱ្យជួយសម្រាលស្ថានការណ៍ នៅតាមដងផ្លូវ ដែលមានទឹកជំនន់ ចំនួន ១៩០ លើក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត