រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យប្រទេសក្នុងតំបន់អាស៊ាន ។

នេះជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ប្រធាននាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា សូមបន្តពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យទៅលើប្រទេសក្នុងតំបន់អាស៊ានរបស់យើងដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើមដែលមានតម្លៃលើសមធ្យមតិចតួច ប៉ុន្ដែកម្ពុជាយើងតម្លៃហាក់ខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យពិចារណា។ ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម១០០ដុល្លារទេ ដោយមិនបូកបញ្ចូលសេវាលឿននោះទេ»។

ឯកឧត្តម ស សុខា បានបន្តថា ជារួម សូមឱ្យពិនិត្យលើបញ្ហានេះ ហើយសូមឱ្យលើកជាយោបល់ក្នុងការសម្រេចដោយធ្វើយ៉ាងម៉េចផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋកុំឱ្យវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ លិខិតឆ្លងដែនមានការឡើងថ្លៃរហូតនោះ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តម ស សុខា, លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានស្វាគមន៍និងគាំទ្រចំពោះការលើកឡើងនេះដោយលោកបានបញ្ជាក់ថា បើធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានកម្ពុជាមានតម្លៃខ្ពស់។

លោកថ្លែងឱ្យដឹងថា ៖ «ខ្ញុំជឿថា ការបញ្ចុះតម្លៃលិខិតឆ្លងដែននេះ មិនបាច់ឱ្យថោកជាងប្រទេសជិតខាងទេ ឱ្យតែមានតម្លៃប្រហាក់ប្រហែលប្រទេសថៃ ឬវៀតណាមក៏បានដែរ។ វានឹងចូលរួមចំណែកនៅក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយើង និងជួយជំរុញឱ្យប្រជាពលរដ្ឋរបស់យើងធ្វើឯកសារសម្រាប់ចេញក្រៅប្រទេសផងដែរ»។

លោកបានបន្តថា នៅពេលដែលមានការបញ្ចុះតម្លៃនៃការធ្វើលិខិតឆ្លងដែនេះ ក៏នឹងជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការធ្វើ ហើយអាចប្រើប្រាស់ ឬចេញទៅធ្វើការនៅក្រៅប្រទេសបានដោយស្រួល ព្រោះកន្លងមកនេះ លោកទទួលព័ត៌មានថាមានតម្លៃថ្លៃចំពោះការធ្វើលិខិតឆ្លងដែននេះ។

ជាមួយគ្នានេះលោកក៏សាទរចំពោះការពង្រីកការិយាល័យធ្វើលិខិតឆ្លងដែននេះនៅតាមទីតាំងមួយចំនួន ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការធ្វើដំណើរ។ បន្ថែមពីនេះ លោក ប៉ា ច័ន្ទរឿន ក៏ស្នើឱ្យបន្ថែមការិយាល័យធ្វើលិខិតឆ្លងដែននេះ នៅតាមបណ្តាខេត្តផ្សេងឱ្យបានច្រើនបន្ថែមទៀតដែរ។

ចំណែកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្គាល់ដែរថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជា បើធៀបជាមួយនឹងបណ្តាប្រទេសនៅជិតខាង គឺមានតម្លៃខ្ពស់ ដែលការងារនេះ គួរតែត្រូវបានពិនិត្យមើលកែសម្រួលតាំងពីយូរមកហើយ តែទោះជាយ៉ាង លោកថាការស្នើឱ្យពិចារណា និងពិនិត្យឱ្យមានការបញ្ចុះតម្លៃនៅពេលនេះ ក៏មិនទាន់ហួសពេលដែរ។

លោកថ្លែងថា ប្រជាពលរដ្ឋយើងមានលិខិតឆ្លងដែនមួយ វាជាអធិតេយ្យរបស់ពលរដ្ឋនីមួយៗ នៅក្នុងរដ្ឋ ហើយមួយទៀត គាត់អាចប្រើប្រាស់លិខិតឆ្លងដែននេះ ធ្វើដំណើរទៅក្រៅប្រទេដោយស្របច្បាប់ដែរ។ ដូចកន្លងមកនេះ ពលរដ្ឋទៅប្រទេសថៃដោយខុសច្បាប់ ព្រោះអត់លិខិតឆ្លងដែន តែបើបញ្ចុះតម្លៃ គាត់នឹងធ្វើ ហើយទៅថៃនឹងស្របច្បាប់។

បើតាម លោក យង់ ពៅ នៅពេលដែលពលរដ្ឋមានលិខិតឆ្លងដែន ពួកគេនឹងអាចធ្វើដំណើរកម្សាន្ត និង ទៅព្យាបាលជំងឺនៅក្រៅប្រទេសបាន មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយសម្រួលដល់ការចំណាយ និងជីវភាពរបស់ពលរដ្ឋ និងក៏ផ្តល់ជាអធិបតេយ្យរបស់ពលរដ្ឋនៅក្នុងរដ្ឋនីមួយផងដែរ។

លោកបាននិយាយថា ៖ «ជាគោលការណ៍ខ្ញុំគាំទ្រ ឱ្យពិនិត្យមើល ឱ្យចុះតម្លៃធូរថ្លៃមែនទែន ធៀបនឹងកម្រិតជីវភាព សេដ្ឋកិច្ចរបស់កម្ពុជាយើងតែម្តង យើងមិនចាំបាច់ ធៀបនឹងប្រទេសវៀតណាម ឬប្រទេសថៃទេ គឺយើងធៀបនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង អាចថាទាបជាងប្រទេសគេទៀត ព្រោះជីវភាពយើងនៅទាបជាងគេ ហើយបើធ្វើបាន វាជាការសាទររបស់ប្រជាពលរដ្ឋហើយ»។

សូមបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែន នៅកម្ពុជាបច្ចុប្បន្ន សេវាមានតម្លៃ១១៥ដុល្លារ ដោយប្រើប្រាស់ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទសេវាកម្មលឿន ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់ ហើយលិខិតឆ្លងដែនេះ គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner