មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ។

ការឯកភាពរបស់មេដឹកនាំទាំងពីរបានបង្ហាញឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូ ណេស៊ី។

នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរ សាទរ ចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើការ សួរសុខទុក្ខប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេច តេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិ ដ៏ជិតស្និទ្ធរបស់ឯកឧត្តម និង របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ។

ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំ ទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធ កន្លងមករវាងកម្ពុជា និង ឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធ ប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួត បន្ថែមទៀត ៕ដោយ៖វណ្ណលុក
