អេស្ប៉ាញបង្ហាញរូបភាពពីលើអាកាសនៃស្ពានដែលត្រូវបំផ្លាញ ដោយភ្លៀងធ្លាក់ខ្លាំង
ម៉ាទ្រីដ៖ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់រដ្ឋធានីម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ៥ ខែកញ្ញា បានចេញផ្សាយរូបភាពពីលើអាកាសបង្ហាញពីទិដ្ឋភាពស្ពានបាក់ នៅក្នុងក្រុងមួយ ដោយសារប្រព័ន្ធខ្យល់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
វីដេអូដែលថតចេញពីឧទ្ធម្ភាគចក្របានបង្ហាញពីស្ពានបាក់ រហូតទៅដល់ទីប្រជុំជន Aldea del Fresno ហើយបើយោងតាមអាជ្ញាធរជំនាញ ទឹកជំនន់នៅទន្លេ Alberche បានធ្វើឱ្យខូចខាតដល់ស្ពានពីរ នៅក្នុងតំបន់នោះ។

ការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់ទៅលើប្រទេសអេស្ប៉ាញ បានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ចំនួន៣នាក់ហើយ ខណៈដែលមនុស្ស៣នាក់ទៀត បាត់ខ្លួន គិតត្រឹមថ្ងៃអង្គារ សប្តាហ៍នេះ។
ព្យុះកាលពីចុងសប្តាហ៍បានវាយប្រហារស្ទើរតែទូទាំងប្រទេសអេស្ប៉ាញ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុតគួរឲ្យកត់សម្គាល់ កាលពីថ្ងៃអាទិត្យ នៅក្នុងខេត្តឆ្នេរសមុទ្រ នៅតំបន់ Cadiz, Tarragona និង Castello ដោយក្នុងនោះ បានបង្កឲ្យមានទឹកជំនន់ភ្លាមៗ ដែលបានបិទផ្លូវរថភ្លើងក្រោមដី នៅទីក្រុងម៉ាឌ្រីត និងផ្លូវរថភ្លើងល្បឿនលឿនផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត