អាមេរិកថា មេដឹកនាំកូរ៉េខាងជើង-រុស្ស៊ី ត្រៀមជួបពិភាក្សាគ្នាអំពី «អាវុធធ្វើសង្គ្រាម»
វ៉ាស៊ីងតោន ឌីស៊ី៖ សហរដ្ឋអាមេរិកបាននិយាយ ថ្មីៗនេះ ដោយជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នឹងធ្វើដំណើរដ៏កម្រមួយទៅក្រៅប្រទេស ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលពួកគេទំនងជាពិភាក្សា អំពីអាវុធសម្រាប់សង្គ្រាម របស់រុស្ស៊ី នៅអ៊ុយក្រែន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីការផ្តល់អាវុធ ដល់ទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន នេះបើតាមសេតវិមាន។
សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីសេតវិមានបានព្រមានថា រុស្ស៊ីកំពុងស្ថិតក្នុងការសម្ងាត់រួចហើយ ក្នុងការធ្វើកិច្ចពិភាក្សាសកម្ម ជាមួយកូរ៉េខាងជើង ដើម្បីទទួលបានអាវុធយុទ្ធភណ្ឌ និងការផ្គត់ផ្គង់ជាច្រើនសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់សេតវិមាន លោកស្រី Adrienne Watson បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា «ការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងរីកចម្រើនយ៉ាងខ្លាំង»
លោកស្រីបានបន្ថែមថា «យើងមានព័ត៌មានដែលលោក គីម ជុងអ៊ុន គ្រោងនឹងមានកិច្ចពិភាក្សាការទូត កម្រិតមេដឹកនាំ នៅក្នុងប្រទេសរុស្ស៊ី»
យ៉ាងណាមិញ វិមានក្រឹមឡាំងរបស់រុស្ស៊ី បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា ខ្លួនមិនអាចបញ្ជាក់ពីជំនួបកំពូលរវាងលោកពូទីន និងលោកគីមបានទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «យើងគ្មានអ្វីត្រូវនិយាយអំពីរឿងនេះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត