ឯកឧត្តម ហួត ហាក់ ប្តេជ្ញាចិត្តយកចំណេះ និងបទពិសោធន៍ ដើម្បីបន្តអភិវឌ្ឍក្រសួងអធិការកិច្ចអោយមានសមិទ្ធផលបន្ថែមទៅមុខទៀត
ភ្នំពេញ៖ បទពិសោធន៍ដែលខ្លួនមានទាំងប៉ុន្មាន កន្លងមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថានឹងប្រើប្រាស់អោយអស់លទ្ធភាពដើម្បី បន្តអភិវឌ្ឍន៍ ក្រសួងអធិការកិច្ចបន្ថែមទៀត ដើម្បីអោយវិស័យមួយនេះកាន់តែប្រសើរជាមុន។ នេះបើយោងតាមសារ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងអធិការកិច្ចនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងខ្លឹមសារ នៃសារប្តេជ្ញាចិត្តរបស់ឯកឧត្តម ហួត ហាក់ បានរំលេចអោយឃើញពីការតាំងចិត្តដ៏មុះមុត ក្នុងការរក្សាជំហរ និងជំហានដឹកនាំប្រកបដោយបទពិសោធន៍ និងចំណេះជំនាញ ដែលបានរៀនសូត្រក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បងតាំងពីនៅជាមន្ត្រីរាជការធម្មតា និងរហូតទទួលបានការកាន់តំណែងជាអនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការ អស់រយៈពេលជាង ៣០ឆ្នាំ ក្នុងវិស័យអធិការកិច្ច មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព ដើម្បីបន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនសំដៅលើកកម្ពស់អភិបាលកិច្ចល្អបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕

