ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំជាច្រើនបានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ផ្ដើមពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា និងបានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំ និងការធ្វើសមារណកម្មអាស៊ាន។ ការរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំជាច្រើន នៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៣។

នៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ផ្ដើមពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ឯកឧត្តម ខោរ៉ឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។ ថ្នាក់ដឹកនាំជាច្រើនបានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំនិងការធ្វើសមារណកម្មអាស៊ាន។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់ និងមានសារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើន ដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនដូចជា៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត